រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោកស្រី Sri Mulyani បាននិយាយថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីទាមទារកំណើនចន្លោះពី ៦% ទៅ ៧% ដើម្បីអាចស្ថិតនៅក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Antara ។
បច្ចុបន្ននេះ សេដ្ឋកិច្ចឥណ្ឌូណេស៊ី មាននិន្នាការកើនឡើងក្នុងរង្វង់ ៥% អាស្រ័យហេតុដូច្នេះ រដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតម្រូវការក្នុងការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីជំរុញការប្រកួតប្រជែងរបស់ប្រទេសនៅកម្រិតពិភពលោក។
កំណែទម្រង់រចនាសម្ព័ន្ធគឺទាមទារការខិតខំខ្លាំងមែនទែន ហើយការបង្កើនកំណើនសេដ្ឋកិច្ចពី ១% ទៅ ២% ពិតជាត្រូវការកំណែទម្រង់រចនាសម្ព័ន្ធដ៏ត្រឹមត្រូវ នេះបើតាមសន្ទរកថា ដែលលោកស្រីបានថ្លែងជាសារធារណៈ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
លោកស្រីក៏បានគូសបញ្ជាក់ផងដែរ ចំពោះបញ្ហាប្រឈមជាច្រើនដែលគួរតែត្រូវបានដោះស្រាយ ដើម្បីអាចសម្រេចបានតាមគោលដៅដូចជា វិបត្តិហិរញ្ញវត្ថុពិភពលោក ភូមិសាស្ត្រនយោបាយ និងបម្រែបម្រួលអាកាសធាតុ។
លោកស្រី Mulyani បានលើកបន្ថែមថា ដើម្បីអាចសម្រេចនូវកំណើនបាននោះ ការរួមបញ្ចូលគ្នានៃកំណែទម្រង់រចនាសម្ព័ន្ធ និងគោលនយោបាយសារពើពន្ធក៏ចាំបាច់ផងដែរ ហើយឥណ្ឌូណេស៊ីមិនអាចសម្រេចបានកំណើនខ្ពស់ជាងនេះទេ ប្រសិនបើប្រទសនៅតែមានឱនភាពថវិការដ្ឋខ្ពស់។
រហូតមកដល់ពេលនេះ លោកស្រីបានកត់សម្គាល់ថា ថវិការដ្ឋនៅតែដើរតួនាទីយ៉ាងសំខាន់ ជាឧបករណ៍ស្រូបឆក់ រក្សាស្ថិរភាពជាតិ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ៕