ក្រុមហ៊ុនរថយន្តលំដាប់កំពូល Tesla បានធ្វើការប្រមែប្រមូលរថយន្តចូលឃ្លាំងវិញ ច្រើនជាង ២លានគ្រឿង ដើម្បីដំឡើងនូវកម្មវិធីសុវត្ថិភាពបន្ថែម ទាក់ទងនឹងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា នេះគឺជាការប្រមូលរថយន្តធំបំផុតរបស់ Tesla ពោលសឹងតែគ្រប់រថយន្ត Tesla នៅអាមេរិកទាំងអស់ ត្រូវបានប្រមូលមកជួសជុលវិញ បន្ទាប់ពីនិយតករសុវត្ថិភាពសហព័ន្ធអាមេរិក ព្រមានពីការព្រួយបារម្ភអំពីសុវត្ថិភាពប្រជាជន។
ជាមួយគ្នា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ NHTSA បានទម្លាយថា ពួកគេចំណាយពេលជាង ២ឆ្នាំ ដើម្បីស៊ើបអង្កេតលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ របស់ក្រុមហ៊ុន Tesla ទើបសម្រេចព្រមានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
NHTSA បន្ថែមទៀតថា អ្នកបើកបររថយន្ត Tesla មួយចំនួនច្រើនតែធ្វេសប្រហែស មិនបង្កើនការប្រុងប្រយ័ត្នលើដងផ្លូវឡើយ នៅពេលដែលពួកគេបើកដំណើរការប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។
គូសបញ្ជាក់ដែរថា ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់ Tesla មានសមត្ថភាពកាច់ចង្កូតបាន បន្ថែមល្បឿន និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ អំឡុងពេលរថយន្តនៅលើគន្លងផ្លូវត្រឹមត្រូវ ប៉ុន្តែមិនមែនមានន័យថា វាអាចបើកបរដោយស្វ័យប្រវត្តិទាំងស្រុងឡើយ ដោយតម្រូវឲ្យមានមនុស្សត្រូវចាំកាន់ចង្កូតជានិច្ច៕