ពីអ្នកលក់ផលិតផលលើអនឡាញ ក្លាយជាសមាជិកសភាថៃវ័យក្មេង តើអ្នកនាង Rukchanok Srinork ជានរណា?

អន្តរជាតិ

សកម្មជនដ៏ល្បីឈ្មោះមួយ និងបានប្រែក្លាយទៅជាសមាជិកសភាថៃ អ្នកនាង រ៉ាក់ឆាណក ស៊ីណក (Rukchanok Srinork) ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៦ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ នេះបើមតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើអ្នកនាង រ៉ាក់ឆាណក ជានរណា?

អ្នកនាង រ៉ាក់ឆាណក ស៊ីណក មានឈ្មោះហៅក្រៅថា Ice គឺជាអ្នកនយោបាយស្រ្តីថៃវ័យក្មេងម្នាក់របស់គណបក្សប្រឆាំង ឆ្ពោះទៅមុខ (Move Forward) ។ នាងត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភា ក្នុងការបោះឆ្នោតសកលកាលពីពេលថ្មីៗនេះ។

មានវ័យ ២៩ឆ្នាំអ្នកនាង រ៉ាក់ឆាណក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តស្ថិតិពីមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Thammasat University ក្នុងឆ្នាំ ២០១៦។ បច្ចុប្បន្នអ្នកនាង រ៉ាក់ឆាណក គឺជាសមាជិកក្មេងជាងគេទីពីរនៃសភាតំណាងរាស្រ្តទីក្រុងបាងកក បន្ទាប់ពីកញ្ញា Tisrat Laohaphon ។

អ្នកនាង រ៉ាក់ឆាណក ត្រូវបានមហាជនទូទៅស្គាល់ថាជាអ្នកចូលរួមក្នុងការពិភាក្សា ជាចំហអំពីបញ្ហានយោបាយ សង្គម និងបញ្ហារសើបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេសជាមួយនឹងការសួរសំណួរជជីកកកាយនានា នៅក្នុងបទសម្ភាសជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ។

បន្ថែមពីនេះ អ្នកនាង រ៉ាក់ឆាណក ក៏ជាអ្នករកស៊ីលក់ផលិតផលនៅលើអនឡាញផងដែរ ដែលចាប់ផ្តើមការងារនេះតាំងឆ្នាំដំបូងនៃការសិក្សានៅសកលវិទ្យាល័យមកម្លេះ។ ក្នុងបទសម្ភាសមួយ រ៉ាក់ឆាណក ធ្លាប់បង្ហើបថា៖ «ការលក់ផលិតផលតាមអ៊ីនធឺណិតបានផ្តល់ជំនាញជា ច្រើនដល់អ្នកនាង»។

ក្រៅពីការរកស៊ីអនឡាញអ្នកនាងតែងតែចេញមុខរិះគន់ ទៅលើរដ្ឋាភិបាលមិនចេះសំចៃមាត់នោះឡើយ។ ក្រោយមកអ្នកនាងបានចូលរួមជីវភាពនយោបាយជាមួយគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward) ដែលជាគណបក្សប្រឆាំងដ៏ល្បីឈ្មោះមួយនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៩។

ការចូលរួមជាមួយគណបក្សអនាគតឆ្ពោះទៅមុខ ត្រូវបានអ្នកនាងអះអាងថា ដោយសារនាងចូលចិត្តគោលនយោបាយរបស់បក្សនេះ ទៅលើកំណែទម្រង់ចំពោះរបបយោធា ដែលកាលណោះដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចារ អតីតនាយករដ្ឋមន្រ្តីថៃ។

រហូតដល់ពេលដែលគណបក្ស Future Forward ត្រូវបានរំលាយដោយសារតែប្រធានគណបក្សត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ ជុំវិញការប្រើប្រាក់កម្ចីដើម្បីផ្គត់ផ្គង់បក្ស ដែលនេះបានធ្វើឲ្យគោលបំណងរបស់អ្នកនាង រ៉ាក់ឆាណក ត្រូវបានបំផ្លិចបំផ្លាញ។ លុះដល់ឆ្នាំ២០២៣ អ្នកនាងបានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តមកពីគណបក្ស Move Forward ដោយសារតែបក្សនេះមានឫសគល់នៅក្នុងគណបក្ស Future Forward ហើយគោលនយោបាយរបស់បក្សថ្មីនេះ គឺស្របទៅតាមជំនឿរបស់អ្នកនាងក្នុងការផ្លាស់ប្តូររបបយោធាផងដែរ។

ក្រោយចូលជាបេក្ខជនតំណាងរាស្រ្ត អ្នកនាង រ៉ាក់ឆាណក បានបំពេញបេសកកម្មរកសំឡេងឆ្នោត ជាមួយនឹងយុទ្ធនាការជិះកង់ដើម្បីស្វែងរកសន្លឹកឆ្នោត។ ការខិតខំប្រឹងប្រែងរបស់អ្នកនាង គួបផ្សំជាមួយភាពប៉ិនប្រសប់ក្នុងការផ្សាព្វផ្សាយ បានធ្វើឲ្យគណបក្សរបស់អ្នកនាងទទួលបានការគាំទ្រ។ ដោយការបោះឆ្នោតនោះ អ្នកនាង រ៉ាក់ឆាណក ទទួលបានសំឡេងគាំទ្រចំនួន ៤៧ ៥៩២ សន្លឹកឆ្នោតដើម្បីក្លាយជាសមាជិកសភា។

ក្រោយចូលជាសមាជិកសភា អ្នកនាងនូវតែបន្តការរិះគន់មិនឈប់មិនឈរមកលើរាជរដ្ឋាភិបាល រហូតត្រូវបានតុលារថៃប្រកាសកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៦ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ៕