ក្រុមហ៊ុនផលិតកប៉ាល់ខ្នាតយក្សកូរ៉េខាងត្បូង ឈានដល់ការចុះ MoU ជាមួយរដ្ឋាភិបាលវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Hyundai Mipo Dockyard ដែលជាក្រុមហ៊ុនផលិតកប៉ាល់ដ៏ធំបំផុតមួយរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យផលិតកប៉ាល់ជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MoLISA )។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្រោមឯកសារនេះ ក្រុមហ៊ុន Hyundai Mipo Dockyard នឹងសហការបណ្តុះបណ្តាលជាមូលដ្ឋាន និងឯកទេសលើផ្នែកផ្សារដែក លាបថ្នាំ និងប្រព័ន្ធអគ្គិសនី ជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងប្រទេសវៀតណាម ដែលកំណត់ដោយ MoLISA ។

គួរឲ្យដឹងថា សិក្ខាកាមដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលរួមគ្នានេះ នឹងទទួលបានការបណ្តុះបណ្តាលភាសាកូរ៉េជាមូលដ្ឋាន ហើយបន្ទាប់មកនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការនៅរោងចក្រផលិតកប៉ាល់នៅទីនោះ រួមទាំងក្រុមហ៊ុន Hyundai Mipo ក្រោមកម្មវិធីទិដ្ឋាការ E-7 សម្រាប់កម្មករជំនាញ។

រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Hyundai Mipo បានសហការគ្នា ដើម្បីទាក់ទាញកម្មករវៀតណាមដែលមានជំនាញឲ្យបានជាង ៧០០ នាក់មកធ្វើការនៅឯកន្លែងផលិតកប៉ាល់របស់ខ្លួន ក្នុងទីក្រុង Ulsan ។

ក្រុមហ៊ុនខាងលើនេះបានដាក់ក្តីរំពឹងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ មិនត្រឹមតែជួយលើក​កម្ពស់​ជំនាញរបស់កម្មករវៀតណាមប៉ុណ្ណោះទេ ថែមទាំងអាចជួយដោះស្រាយបញ្ហាខ្វះខាតធនធានមនុស្ស ក្នុងឧស្សាហកម្មផលិតកប៉ាល់ និងអភិវឌ្ឍឧស្សាហកម្មនេះ នៅក្នុងប្រទេសទាំងពីរផងដែរ៕