១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,៦ពាន់លានដុល្លារ

អន្តរជាតិ

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន បានឈានដល់ចំនួន ១,៦៣ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ ថយចុះប្រហែល ៧,៩% បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយគិតពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញ សរុបជាទឹកប្រាក់ប្រហែល ១,០៦ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ថយចុះពីឆ្នាំមុន ០,៣% ខណៈការនាំចូលទំនិញពីជប៉ុន ថយចុះ ១៩,៣% មកនៅត្រឹម ៥៧៣លានដុល្លារប៉ុណ្ណោះ។

ដោយឡែក សម្រាប់ទំនិញដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម ក្រដាស និងផលិតផលស្បែក ខណៈការនាំចូលពីជប៉ុនវិញ មានដូចជា គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិក។

សូមជម្រាបដែរថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី០៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម និងប្រទេសថៃ។ ដើម្បីពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុង​បំពេញទស្សនកិច្ចទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។

ក្រៅពីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន ហើយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏នឹងពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល៕