តាមរយៈទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញនៅថ្ងៃសុក្រថា ការវិនិយោគផ្ទាល់របស់កូរ៉េខាងត្បូងនៅក្រៅប្រទេសបានធ្លាក់ចុះ ៤ត្រីមាសជាប់ៗគ្នា ដោយសារភាពមិនប្រាកដប្រជាចំពោះសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងត្រីមាសទី៣ ដែលរាប់ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ការវិនិយោគនៅក្រៅប្រទេសតាមរយៈការទិញភាគហ៊ុនបរទេស ក៏ដូចជាការបង្កើតការិយាល័យនៅបរទេស មានចំនួនប្រមាណ ១៤,៦២ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៤% ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
បញ្ជាក់ថា ការធ្លាក់ចុះនេះកើតឡើងតាំងតែពីត្រីមាសទី៤ នៃឆ្នាំមុនមកម្លេះ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ពីគោលនយោបាយរូបិយវត្ថុ ដែលរឹតបន្តឹងនៅក្នុងសេដ្ឋកិច្ចសំខាន់ៗ។
ការវិនិយោគនៅក្រៅប្រទេសលើវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងបានធ្លាក់ចុះក្នុងតួលេខទ្វេដងដល់ចំនួន ៦,៦៦ពាន់លានដុល្លារ ចំណែងឯការវិនិយោគលើវិស័យធានារ៉ាប់រងវិញធ្លាក់ចុះ ៩២០លានដុល្លារផងដែរ។
ផ្ទុយទៅវិញ ការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្មនៅក្រៅប្រទេស បានកើនឡើង ១១,៨% ឬប្រមាណ ៤,៨៦ពាន់លានដុល្លារ ប៉ុន្តែការវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានធ្លាក់ចុះដល់ចំនួន ៤៣០លានដុល្លារ ខណៈការវិនិយោគលើវិស័យរុករករ៉ែក៏បានធ្លាក់ចុះដល់ចំនួន ៤០០លានដុល្លារផងដែរ។
គួរជម្រាបបន្ថែមថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ការវិនិយោគផ្ទាល់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ០,៨% ឬដល់ចំនួន ៧,៦៤ពាន់លានដុល្លារ ស្របពេលការវិនិយោគនៅអឺរ៉ុបថយចុះមកត្រឹម ២,៨១ពាន់លានដុល្លារ អាស៊ីធ្លាក់មក ២,១១ពាន់លានដុល្លារ ចំណែកឯអាមេរិកឡាទីនឯណោះវិញក៏ធ្លាក់ចុះមកត្រឹម ១,៧៩ពាន់លានដុល្លារដូចគ្នា៕