មេដឹកនាំនៃបណ្ដាប្រទេសនៅតំបន់អាស៊ាន និងជប៉ុន បានព្រមព្រៀងគ្នា បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ប្រទេសចិន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អំឡុងពេលកិច្ចប្រជុំនៅទីក្រុងតូក្យូ ភាគីទាំងសងខាងសម្រេចបាននូវលិខិតថ្លែងការណ៍រួមមួយ ដែលមានអត្ថន័យថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ សណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើនីតិរដ្ឋ រួមទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ និងជើងហោះហើរ និងពាណិជ្ជកម្មគ្មានការហាមឃាត់។
ជាមួយគ្នា រដ្ឋាភិបាលជប៉ុនក៏បានប្រកាសកាលពីថ្ងៃទី១៦ ខែធ្នូដែរថា ពួកគេនឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី ដោយផ្ដល់ជំនួយ ៤០០លានយ៉េន ឬប្រហែ ២,៨លានដុល្លារ សម្រាប់ការទិញឧបករណ៍ឃ្លាំមើល និងព្រមាន។
សូមជម្រាបដែរថា កិច្ចព្រមព្រៀងមួយនេះ បង្កើតឡើងដើម្បីការពារការពង្រីកខ្លួនរបស់មហាអំណាចចិន នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះធំបំផុតមួយលើលោក ដ្បិតមានប្រទេសជាច្រើនដូចជា ចិន ម៉ាឡេស៊ីវៀតណាម និងហ្វីលីពីនជាដើម សុទ្ធតែអះអាងថា ពួកគេជាម្ចាស់នៃដែនសមុទ្រ និងជាច្រកសេដ្ឋកិច្ចផ្លូវទឹកដ៏មានសក្ដានុពលមួយនេះ៕