ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤

អន្តរជាតិ

សេដ្ឋកិច្ចប្រទេសចិន ត្រូវបានគេរំពឹងទុកថា នឹងមានភាពល្អឡើងវិញនាឆ្នាំ២០២៤ ជាមួយឱកាសវិនិយោគ និងភាពលូតលាស់មានច្រើនជាង ឧបសគ្គផ្សេងៗ។ នេះបើតាមការឲ្យដឹង​ពីការិយាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នាសារព័ត៌មាន Xinhua ក៏បានចុះផ្សាយដែរថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នឹងនៅតែបន្តគាំទ្រ ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិន ខណៈប្រទេសចិននឹងសម្លឹងមើលការផ្លាស់ប្តូរ ពីការស្ទុះងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ទៅជាកំណើននៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព ស្របពេលបច្ចុប្បន្នឧបសគ្គដ៏ធំដែលធ្វើឲ្យ​សេដ្ឋកិច្ចចិនរាំងស្ទះ គឺដោយសារតម្រូវការ និងការវិនិយោគក្នុងស្រុក នៅមានកម្រិតទាបនៅឡើយ។

ដើម្បីអាចអូសទាញក្រុមវិនិយោគិន និងបង្កើនតម្រូវការក្នុងស្រុកឡើងវិញ រដ្ឋាភិបាលបាន​រៀបចំផែនការសម្រាប់ឆ្នាំក្រោយដូចជា បណ្ដុះបណ្ដាលផ្នែកកំណើននៃការប្រើប្រាស់ថ្មី ដូចជាផ្ទះឆ្លាតវៃ ការកម្សាន្ត និងព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា។

ជាមួយគ្នា គោលនយោបាយចេញប័ណ្ណរតនាគារ ការកាត់បន្ថយអត្រាការប្រាក់ ការកាត់បន្ថយពន្ធ និងថ្លៃសេវា និងគោលនយោបាយផ្សេងទៀត ក៏នឹងនៅតែបន្តអនុវត្តនាឆ្នាំក្រោយផងដែរ។

សូមជម្រាបដែរថា កាលពីខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានបង្កើនការព្យាករណ៍​ពីកំណើនសេដ្ឋកិច្ចចិន អាចសម្រេចបាន ៥,៤% នាឆ្នាំនេះ ដែលវាមានខ្ពស់ជាងការរំពឹងទុក ពីរដ្ឋាភិបាលចិន ដែលគ្រោងសម្រេចបានត្រឹម ៥% ប៉ុណ្ណោះ៕