ក្រុមហ៊ុនលោកខាងលិចខាតបង់ជាង ១០០ពាន់លានដុល្លារ ក្រោយដកខ្លួនពីរុស្ស៊ី

អន្តរជាតិ

យោងតាមកាសែត New York Times បានរាយការណ៍ថា ក្រុមហ៊ុនលោកខាងលិចទាំងអស់ ដែលបានសម្រេចដកខ្លួនចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីមហាអំណាចនុយក្លេអ៊ែរមួយនេះ បើកការវាយលុកចូលប្រទេសអ៊ុយក្រែន គឺកំពុងទទួលរងការខាតបង់ ១០៣ពាន់លានដុល្លារ ដោយសារបាត់បង់ប្រភពចំណូលពីរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹមតែបាត់បង់ប្រភពចំណូលដ៏ធំមួយឡើយ ក្រុមហ៊ុនលោកខាងលិចទាំងនេះ ថែមទាំង​ត្រូវបង់ប្រាក់ពិន័យយ៉ាងតិច ១,២៥ពាន់លានដុល្លារ ដើម្បីបញ្ចប់អាជីវកម្មរបស់ពួកគេ​នៅប្រទេសរុស្ស៊ីថែមទៀត។

គួររំលឹកបន្តិចថា តាំងពីប្រទេសរុស្ស៊ីបើកប្រតិបត្តិការពិសេស វាយលុកលើប្រទេសអ៊ុយក្រែន ក្រុមហ៊ុនលោកខាងលិចជិត ១ ០០០ក្រុមហ៊ុន បាននាំគ្នាបញ្ចប់អាជីវកម្មរបស់ពួកគេនៅរុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់មហាអំណាចលោកខាងលិច។

ដើម្បីអាចបញ្ចប់អាជីវកម្មរបស់ពួកគេទាំងស្រុងនៅរុស្ស៊ី ក្រុមហ៊ុនលោកខាងលិចទាំងនោះ ត្រូវបង្ខំចិត្តលក់អាជីវកម្ម ទៅឲ្យក្រុមហ៊ុនក្នុងស្រុករបស់រុស្ស៊ី ក្នុងតម្លៃទាបខ្លាំង ជាជាងការមិន​ទទួលបានប្រាក់ចំណូលសោះ តួយ៉ាងក្រុមហ៊ុនអេឡិចត្រូនិកអាមេរិក Honeywell បានលក់អាជីវកម្ម ទៅឲ្យក្រុមហ៊ុនក្នុងស្រុកមួយ ក្នុងតម្លៃត្រឹម ៥០% នៃតម្លៃដើមរបស់ក្រុមហ៊ុន​ប៉ុណ្ណោះ៕