ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G7 កំពុងស្វែងរកវិធីយ៉ាងសកម្ម ដើម្បីធ្វើការរឹបអូសទ្រព្យសម្បត្តិដែលពួកគេបានបង្កកនៅក្នុងធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី ដើម្បីបង្វែវាទៅជាការផ្តល់ជូនមូលនិធិសម្រាប់ជួយដល់ប្រទសអ៊ុយក្រែនជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។
ក្រុមមន្ត្រីរបស់ G7 បាននិងកំពុងបង្កើនកិច្ចពិភាក្សាក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានចំនួនប្រហែល ៣០០ពាន់លានដុល្លារ ដែលខ្លួនបានបង្កកទុក បន្ទាប់ពីការចូលឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែន ដើម្បីយកវាទៅផ្តល់មូលនិធិសម្រាប់ជួយដល់រដ្ឋាភិបាលទីក្រុងគៀវ ដែលរងផល់ប៉ះពាល់ខ្លាំងចំពោះសង្គ្រាមនេះ។
ជុំវិញផែនការនេះ ត្រូវបានធ្វើឡើងនៅពេលដែលកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ចំនួនពីរ សម្រាប់អ៊ុយក្រែន ដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ កំពុងមានភាពជាប់គាំងនៅក្នុងសប្តាហ៍នេះ ដោយសារតែទាំងសមាជិកនៅក្នុងគណបក្សសាធារណរដ្ឋ នៅក្នុងសភាអាមេរិក និងសមាជិកសហភាពអឺរ៉ុបហុងគ្រី លោក Viktor Orban សុទ្ធសឹងតែបានជំទាស់ទៅនឹងការផ្តល់ជូនមូលនិធិនេះ ទៅដល់ប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីអាចផ្តល់នូវលំហូរមូលនិធិដល់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការបន្តស្តា និងកសាងប្រទេសឡើងវិញ ជាពិសេសដោយសារការចំណាយដ៏ធំសម្បើមដែលរំពឹងទុកក្រោយសង្គ្រាម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល G7 មួយចំនួនធំបានច្រានចោលចំពោះផែនការនេះ ដោយបារម្ភថា ស្ថានភាពសេដ្ឋកិច្ចអាចធ្លាក់ចូលទៅក្នុងវិបត្តិ។
ទន្ទឹមនឹងនេះ យោងតាមមន្ត្រីអាមេរិកម្នាក់ បាននិយាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចូលរួមនៅក្នុងការសន្ទនាយ៉ាងសកម្ម ចំពោះការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ហើយជឿជាក់ការសម្រេចចិត្តចុងក្រោយមួយ នឹងធ្វើឡើងក្នុងរយ:ពេលដ៏ខ្លីខាងមុខ។
ជម្រាបជូនផងដែរថា បណ្តាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប ជាពិសេសអាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិក នៅតែមានការស្ទាក់ស្ទើចំពោះផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយលើកឡើងពីការព្រួយបារម្ភផ្នែកច្បាប់ ក៏ព្រោះតែទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានចំនួនប្រហែល ៣០០ពាន់លានអឺរ៉ូ គឺស្ថិតនៅតំបន់អឺរ៉ុប៕