វៀតណាម រំពឹងថាការនាំចេញអង្កររបស់ខ្លួនកើនឡើងដល់ ៥ពាន់លានដុល្លារនៅឆ្នាំនេះ

អន្តរជាតិ

រដ្ឋាភិបាលវៀតណាម បានបង្ហាញឲ្យដឹងថា ចំនួន និងតម្លៃនៃការនាំចេញអង្ករក្នុងអំឡុងពេល ១១ខែដំបូងឆ្នាំ ២០២៣ នេះ គឺបានលើសពីឆ្នាំ ២០២២ ទាំងមូលរួចទៅហើយ ស្របពេលប្រាក់ចំណូលដែលទទួលបានពីនាំចេញនៅឆ្នាំនេះវិញ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥ពាន់លានដុល្លារ។ នេះបើមតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្ករចំនួន ៧,៧៥ លានតោនត្រូវបាននាំចេញ ក្នុងអំឡុងរយ:ពេល ១១ខែដំបូងឆ្នាំនេះ ជាមួយនឹងការទាញបានប្រាក់ចំណូលសរុប ៤,៤១ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៦,២% ចំពោះចំនួន និង ៣៦,៣% ចំពោះតម្លៃ បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃនៃការនាំចេញមធ្យម វៀតណាមទទួលបាន ៥៦៨ដុល្លារ ក្នុងមួយតោន ក្នុងអំឡុងពេលនេះ ពោលគឺបានកើនឡើង ១៧,៣% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានគុណភាព កែច្នៃ និងទីផ្សារ ដែលស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម (MARD)។

ក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងនៅខេត្ត Hau Giang កាលពីថ្ងៃទី១៣ ខែធ្នូកន្លងទៅ អនុរដ្ឋមន្ត្រី MARD លោក Tran Thanh Nam បានឲ្យដឹងថាស្រូវអង្ករបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកសិកម្មរបស់វៀតណាម និងប្រទេសជាច្រើនក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

ទន្ទឹមនឹងនេះ លោក Tran ​បានព្យាករ​ទៀតថា ទីផ្សារ​អង្ករ​ក្នុង​ស្រុក និង​អន្តរជាតិ​នឹង​នៅ​តែមានភាព​រស់​រវើក​នា​ពេល​ខាង​មុខ ដោយសារ​តម្រូវ​ការ​នាំ​ចូល​ដ៏​ច្រើន​ពី​ប្រទេស​ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន តំបន់មជ្ឈិមបូព៌ា និង​អាហ្វ្រិក៕