អតិថិជនជីកសិកម្មកំពូលៗនៅអាស៊ី កំពុងងាកចេញពីចិន ក្រោយមានការទប់ស្កាត់កាន់តែខ្លាំង

អន្តរជាតិ

អ្នកទិញចូលជីកសិកម្មធំៗក្នុងតំបន់អាស៊ី កំពុងស្វែងរកជម្រើសផ្សេង ដើម្បីជំនួសការផ្គត់ផ្គង់របស់ចិន ក្រោយមានក្តីបារម្ភថា ប្រទេសដែលផលិតជីកសិកម្មកំពូលរបស់ពិភពលោកមួយនេះ កំពុងបន្តទប់ស្កាត់លើការនាំចេញរបស់ខ្លួន ដើម្បីការពារទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចិន ត្រូវបានចាត់ទុកថាជាប្រទេសនាំចេញជីផូស្វាតដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ជីអ៊ុយរ៉េដ៏សំខាន់ផងដែរ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២១ មក រដ្ឋាភិបាលប្រទេសនេះ បានដាក់វិធានការជាច្រើន រួមទាំងកូតាក្នុងការនាំចេញ និងបង្កើនតម្រូវការត្រួតពិនិត្យរយៈពេលវែងលើធាតុផ្សំផលិតជី ដើម្បីធ្វើឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះ។

លោក Josh Linville នាយកផ្នែកជីនៅក្រុមហ៊ុន StoneX Group Inc បាននិយាយថា ការអន្តរាគមន៍លើជីដែលដាក់ចេញរដ្ឋាភិបាលចិន ក្នុងការនាំចេញមានន័យថាប្រទេសនេះនឹងក្លាយជាអ្នកផ្គត់ផ្គង់ ដែលមិនគួរឲ្យទុកចិត្តនៅឆ្នាំ ២០២៤ ខាងមុខនេះជាក់ជាមិនខាន។

ជុំវិញបញ្ហានេះហើយ ទើបបានជាធ្វើឲ្យអតិថិជនកំពូលៗនៅក្នុងតំបន់អាស៊ី ចាប់ផ្តើមស្វែងរកការផ្គត់ផ្គង់ពីកន្លែងផ្សេងជំនួសវិញ ដោយក្នុងនោះរួមមានរុស្ស៊ី អូម៉ង់ និងប្រទេសអារ៉ាប់រួម ដែលកំពុងលក់ជីក្នុងតម្លៃទាបជាងប្រទេសចិន។

ទន្ទឹមនឹងនេះ លោក Teo Tee Seng នាយកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់ជី និងគីមីកសិកម្ម Behn Meyer Agricare ប្រចាំនៅទីក្រុងកូឡាឡាំពួរ បាននិយាយថា ឥឡូវនេះប្រទេសម៉ាឡេស៊ី ក៏កំពុងងាកចេញឆ្ងាយពីប្រទេសចិនផងដែរ ដោយពួកគេបានធ្វើការទិញចូលជីផូស្វាតពីប្រទេសវៀតណាម និងអេហ្ស៊ីបជំនួសវិញ៕