ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានជិះយន្តហោះផ្ទាល់ខ្លួនរបស់លោក ប្រហែល ៤៤១ដង សម្រាប់បំពេញទស្សនកិច្ចនៅក្រៅប្រទេស ក៏ដូចជាទៅមើលការខុសត្រូវនៅក្រុមហ៊ុននានា ដែលស្ថិតនៅរដ្ឋផ្សេងៗគ្នាជុំវិញសហរដ្ឋអាមេរិក ខណៈការចាក់សាំងយន្តហោះវិញ សរុបជាទឹកប្រាក់ ៣,២លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Insider។

បច្ចុប្បន្ន មហាសេដ្ឋីអាមេរិកម្នាក់នេះ មានយន្តហោះផ្ទាល់ខ្លួនចំនួន ២គ្រឿងគឺ G650ER និងG550 ខណៈយន្តហោះទាំង ២គ្រឿងនេះ គឺសុទ្ធតែមានតម្លៃលើសពី ១០០លានដុល្លារក្នុងមួយគ្រឿង ស្របពេលលេចលឺដំណឹងថា លោកកំពុងដាក់បញ្ជាទិញមួយគ្រឿងបន្ថែមទៀត ជាប្រភេទ Gulfstream G700។

ជាមួយគ្នា របាយការណ៍ពីគេហទំព័រ JetSpy ក៏បានបង្ហាញទៀតថា គិតត្រឹមពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣នេះ យន្តហោះផ្ទាល់ខ្លួនរបស់ Elon Musk បានធ្វើការហោះហើរច្រើនជាង ១ ១៦១ម៉ោង ឬស្មើហ្នឹងរយៈពេល ៤៨ថ្ងៃ។
បន្ថែមពីនោះ គេហទំព័រ JetSpy ក៏បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៣ យន្តហោះផ្ទាល់ខ្លួនរបស់មេធំ Tesla បានហោះហើរជាមធ្យម រយៈពេល ២ម៉ោងកន្លះ និងហោះចេញពីរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់រដ្ឋតិចសាស់ញឹកញាប់ជាងគេ ដ្បិតរដ្ឋទាំង២នេះ គឺជាមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla។
ដោយឡែក សម្រាប់ការហោះហើរយៈពេលយូរបំផុតរបស់ Elon Musk នាឆ្នាំនេះ គឺការធ្វើដំណើរឆ្ពោះទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចំណាយពេលជិត ១៣ម៉ោង កាលពីខែសីហា៕