កសិករអាឡឺម៉ង់ បើកត្រាក់ទ័ររាប់រយគ្រឿងសម្រុកទៅធ្វើបាតុកម្ម នៅទីក្រុងប៊ែរឡាំង

អន្តរជាតិ

កាលពីថ្ងៃចន្ទកន្លងទៅ កសិករអាឡឺម៉ង់បានបើកត្រាក់ទ័ររាប់រយគ្រឿង សម្រុកចូលទៅក្នុងរដ្ឋធានីប៊ែរឡាំង ដើម្បីធ្វើការតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ដែលមានគម្រោងលុបចោលការបន្ធូរបន្ថយពន្ធ លើប្រេងម៉ាស៊ូតកសិកម្ម។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមកសិករអាល្លឺម៉ង់ លោក Joachim Rukwied បានពិពណ៌នាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ថាជាការប្រកាសសង្គ្រាមប្រឆាំងនឹងកសិករ ហើយថែមទាំងបាននិយាយថា ពួកគេនឹងមិនទទួលយកវាទេ។ ម្យ៉ាងវិញទៀត កសិករនឹងធ្វើការតវ៉ានៅទូទាំងប្រទេសនាខែក្រោយ ប្រសិនបើផែនការនេះមិនត្រូវបានដោះស្រាយចេញទេនោះ។

ជាមួយគ្នា លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ចាប់ពីថ្ងៃទី៨ ខែមករាខាងមុខ យើងនឹងមានវត្តមាននៅគ្រប់ទីកន្លែង ក្នុងរបៀបដែលប្រទេសនេះមិនធ្លាប់មានពីមុនមក។
មិនត្រឹមតែប៉ុណ្ណោះ សមាគមកសិកម្មអាឡឺម៉ង់បានព្រមានថា ការកាត់បន្ថយការឧបត្ថម្ភធននឹងធ្វើឲ្យអាហារកាន់តែឡើងថ្លៃនៅឆ្នាំក្រោយ ខណៈដែលថ្លៃដឹកជញ្ជូន និងថាមពលក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២៤ ដូចគ្នា។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន អធិការបតី Olaf Scholz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងសន្សំប្រាក់ឲ្យបានប្រមាណ ១៧ពាន់លានអឺរ៉ូ (១៨,៣៣ ពាន់លានដុល្លារ) នៅក្នុងថវិកាស្នូលរបស់ខ្លួនឆ្នាំ២០២៤ ដោយតម្រូវឲ្យប្រើប្រាស់វិធានការបញ្ចប់ការឧបត្ថម្ភធនដែលបំផ្លាញអាកាសធាតុ ក៏ដូចជាការកាត់បន្ថយការចំណាយ។

នៅក្រោមគ្រោងការណ៍នេះហើយ ដែលនាំឲ្យកសិករអាល្លឺម៉ង់នឹងលែងទទួលបានការបន្ធូរបន្ថយពន្ធចំពោះប្រេងម៉ាស៊ូត ព្រមទាំងលែងទទួលបានការលើកលែងពន្ធលើយានយន្តកសិកម្មទៀតផងដែរ ជាហេតុនាំឲ្យមានការបាតុកម្មយ៉ាងដូច្នេះ៕