ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទីមួយ លោក Andrei Belousov បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី គឺលែងពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិកទៀតហើយ ពោលប្រទេសទាំង២ ទទួលបានជោគជ័យក្នុងការប្រើរូបិយប័ណ្ណក្នុងស្រុកជំនួសវិញ។
គិតតាំងពីដើមឆ្នាំ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ចិន និងរុស្ស៊ី បានប្រើប្រាស់រូបិយប័ណ្ណយ៉ន់ និងរ៊ូបល សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ រហូតដល់ ៩៥% ជំនួយឲ្យរូបិយប័ណ្ណដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន PeopleDispatch។
ក្រៅពីការប្រើប្រាស់លុយយ៉ន់ ធ្វើពាណិជ្ជកម្មជាមួយចិន រុស្ស៊ីក៏ប្រើប្រាស់រូបិយប័ណ្ណមួយនេះ ធ្វើជំនួញជាមួយប្រទេសម៉ុងហ្គោលី ហ្វីលីពីន ម៉ាឡេស៊ី សហព័ន្ធអារ៉ាប់រួម ថៃ ជប៉ុន តាជីគីស្ថាន និងប្រទេសសិង្ហបុរីថែមទៀត។
សូមជម្រាបបន្ថែមថា រយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី សម្រេចបាន ២១៨ពាន់លានដុល្លារ កើនឡើង ២៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ៕