មហាសេដ្ឋី MacKenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រហែល ២,២ពាន់លានដុល្លារ គិតតាំងពីដើមឆ្នាំ រហូតដល់ខែធ្នូនេះ ទៅកាន់អង្គការចំនួន ៣៦០កន្លែង។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា អ្នកស្រី Scott តែងតែបរិច្ចាគទឹកប្រាក់ ដើម្បីផ្ដល់ជំនួយដល់អង្គការសប្បុរសធម៌នានា ចន្លោះពី ៦០០ ០០០ ដល់ ២៥លានដុល្លារ។
គិតមកទល់ពេលបច្ចុប្បន្ន មហាសេដ្ឋីស្រីអាមេរិករូបនេះ បានបរិច្ចាគទឹកប្រាក់សរុប ប្រហែល ១៦,៦ពាន់លានដុល្លាររួចមកហើយ ខណៈអ្នកស្រីក៏ជាមហាសេដ្ឋីម្នាក់ ក្នុងចំណោមកំពូលមហាសេដ្ឋី ១១រូបនៅអាមេរិក ដែលបានបរិច្ចាគទឹកប្រាក់ច្រើនជាង ២០%នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី MacKenzie Scott គឺមានប្រមាណ ៤១,២ពាន់លានដុល្លារ ស្របពេលប្រភពចំណូលរបស់អ្នកស្រី គឺការកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុន Amazon៕