ក្រុមហ៊ុនឥណ្ឌាមួយ ទិញហាងមាន់បំពង KFC ក្នុងប្រទេសថៃ ក្នុងតម្លៃជាង ១២៨លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Devyani International របស់ប្រទេសឥណ្ឌា បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការហាងមាន់បំពង KFC នៅក្នុងប្រទេសថៃ បន្ទាប់បានទិញយកក្រុមហ៊ុន Restaurants Development Co ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ១២៨,៩លានដុល្លារ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



Restaurants Development Co គឺជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនបីផ្សេងទៀត ដែលធ្វើការគ្រប់គ្រងទៅលើខ្សែសង្វាក់ហាង KFC នៅក្នុងប្រទេសថៃ។

Restaurants Development Co បានបើកដំណើរការហាង KFC ចំនួន ២៧៤ កន្លែង និងផ្តល់ការងារដល់មនុស្សជាង ៤ ៥០០ នាក់ ខណ: QSR of Asia គឺជាក្រុមហ៊ុនហ្វ្រេនឆាយ KFC ធំជាងគេនៅក្នុងប្រទេសថៃ ដែលដំណើរការសាខាចំនួន ៤៣០ និងបន្ទាប់មកគឺក្រុមហ៊ុន Central Restaurants Group ដែលមានហាងចំនួន ៣២០។

យ៉ាងណាមិញ ជុំវិញការទិញយកហាង Restaurants Development នេះ នឹងធ្វើឲ្យ Devyani កាន់កាប់ភាគហ៊ុនសរុបចំនួន ៥១% ខណៈពេលដែលក្រុមហ៊ុនវិនិយោគរដ្ឋ Temasek Holdings ដែលមានមូលដ្ឋាននៅសិង្ហបុរី នឹងកាន់កាប់ភាគហ៊ុនដែលនៅសល់។

Devyani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ប្រទេសថៃគឺជាទីផ្សារបសុបក្សីដ៏រឹងមាំបំផុតមួយ ហើយយើងជឿជាក់ថានឹងមានឱកាសច្រើនដើម្បីធ្វើឲ្យទីផ្សារអាហារ Fast food នៅទីនេះបន្តរីកចម្រើនបន្ថែមទៀត” ។

ជម្រាបជូនផងដែរថា ក្រោយការទិញយកនេះ នឹងធ្វើឲ្យក្រុមហ៊ុន Devyani មានហាង KFC សរុបចំនួន ៥០០ ហាង បូកបញ្ចូលទាំងនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងនីហ្សេរីយ៉ា ស្របពេលក្រុមហ៊ុននេះ ក៏បានដំណើរការភោជនីយដ្ឋានផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌាដូចជា Pizza Hut និង Costa Coffee ជាដើម៕