ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម មានបំណងក្នុងការនាំចូលអគ្គិសនីពីថាមពលខ្យល់របស់ប្រទេសឡាវបន្ថែមទៀត ខណ:ប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងត្រៀមខ្លួនទៅនឹងភាពខ្វះខាតថាមពលនៅក្នុងតំបន់ភាគខាងជើង។
តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានឲ្យដឹងថា ក្រុមហ៊ុនថាមពលជាតិវៀតណាម បានដាក់លិខិតមួយផ្ញើទៅកាន់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថា អ្នកវិនិយោគលើថាមពលខ្យល់ជាច្រើននៅក្នុងប្រទេសឡាវ ចង់ចែកចាយថាមពលអគ្គិសនីរបស់ខ្លួនបន្ថែមទៀត មកឲ្យវៀតណាម ។
ជុំវិញផែនការនាំចូលនេះ ត្រូវបានគេរំពឹងថានឹងជួយដល់ការផ្គត់ផ្គង់នៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ចន្លោះឆ្នាំ ២០២៤ និង ២០៣០ ជាពិសេសនៅរដូវក្តៅនៅពេលដែលកម្រិតទឹកក្នុងទំនប់វារីអគ្គិសនីនៅតំបន់នោះធ្លាក់ចុះទាប។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលជាតិវៀតណាម បាននិយាយថា រោងចក្រថាមពលវារីអគ្គិសនីមួយចំនួន នៅក្នុងប្រទេសឡាវ ដែលខ្លួនបានចុះហ្ថលេខាលើកិច្ចព្រមព្រៀងទិញយកកន្លងមកនោះ ក៏នឹងចាប់ផ្តើមផលិតថាមពលរបស់ពួកគេ នៅក្រោយឆ្នាំ ២០២៥ ផងដែរ ដែលនោះមានន័យថាប្រភពផ្គត់ផ្គង់ថាមពលមកកាន់វៀតណាម នឹងកើនឡើងបន្ថែមទៀត។
ជម្រាបជូនផងដែរថា ក្នុងរយ:ពេល ១១ខែដំបូងឆ្នាំ ២០២៣ នេះ ការនាំចូលអគ្គិសនីរបស់វៀតណាម ពីប្រទេសឡាវ រួមទាំងពីប្រទេសចិនផងដែរនោះ មានចំនួន ១,៥% នៃការផ្គត់ផ្គត់ថាមពលអគ្គិសនីសរុប៕