ការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ខណៈវាជាសញ្ញាថ្មីនៃសម្ពាធសេដ្ឋកិច្ច ចំពេលដែលខ្លួនកំពុងតស៊ូជំរុញដើម្បីឲ្យងើបឡើងវិញ ពីការធ្លាក់ចុះនៅរដូវក្តៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BNN Bloomberg ។
ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយនៅថ្ងៃពុធថា តម្លៃនៃការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ០,២% ផ្ទុយស្រឡះពីការព្យាករណ៍ទុករបស់សេដ្ឋកិច្ចវិទូ ដោយធ្លាប់រំពឹងថានឹងមានការកើនឡើង១,៤% ខណៈការនាំចូលមានការថយចុះរហូតដល់១១,៩% ច្រើនជាងការមូលមតិគ្នាពីសេដ្ឋកិច្ចវិទូ ដែលធ្លាប់កំណត់ត្រឹម៨,៦%។
ទន្ទឹមនឹងនោះ ឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ទៅចំនួន ៧៧៦,៩ពាន់លានយ៉េន ឬស្មើរនឹងទឹកប្រាក់ប្រមាណ ៥,៤ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ ធនាគារកណ្តាលជប៉ុនបានកត់សម្គាល់ នៅក្នុងរបាយការណ៍ទស្សនវិស័យនៅខែតុលារបស់ខ្លួនថា៖ ការនាំចេញ និងផលិតកម្មត្រូវបានព្យាករណ៍ថា នឹងមានតុល្យភាព ឬអាចតិចជាងពេលបច្ចុប្បន្ន ដែលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃការងើបឡើងវិញនៅក្នុងសេដ្ឋកិច្ចក្រៅប្រទេស បើទោះបីជាមានការធ្លាក់ចុះនៃប្រាក់យ៉េន ដែលជាធម្មតាគាំទ្រដល់ការនាំចេញទៅក្រៅប្រទេសក៏ដោយ។
គួរជម្រាបផងដែរថា ទិន្នន័យដែលបានគូសបញ្ជាក់ ពីស្ថានភាពអាប់អួរនៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិក កើនឡើង៥,៣% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចេញទៅកាន់អឺរ៉ុបមិនមានអ្វីប្រែប្រួល ហើយការនាំចេញទៅកាន់ប្រទេសចិនវិញ បានធ្លាក់ចុះ២,២%៕