មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានបរាជ័យក្នុងការតវ៉ាក្ដី ជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប ដែលបានដាក់មកលើលោក តាំងពីរុស្ស៊ីបើកការវាយលុកលើប្រទេសអ៊ុយក្រែន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា តុលាការសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល បានច្រានចោលសំណើសុំតវ៉ាក្ដីរបស់មហាសេដ្ឋីម្នាក់នេះ និងបានបដិសេធចំពោះការទាមទារសំណង ដោយសង្កត់ធ្ងន់ថា លោក Abramovich មានតំណែងធំ នៅក្នុងក្រុមហ៊ុនដែកថែប Evraz ដែលតែងផ្ដល់ជំនួយដល់រដ្ឋាភិបាលរុស្ស៊ី។
រំលឹកបន្តិចថា មិនខុសពីមហាសេដ្ឋីរុស្ស៊ីដទៃ អតីតម្ចាស់ក្លឹបបាល់ទាត់ Chelsea ម្នាក់នេះ ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយទ្រព្យសម្បត្តិរបស់លោក ត្រូវបានមហាអំណាចលោកខាងលិច និង EU បង្កកទុករាប់សិបពាន់លានដុល្លារ។
ជម្រាបបន្ថែមថា លោក Abramovich គឺជាមហាសេដ្ឋីមានបំផុតមួយរូបនៅប្រទេសរុស្ស៊ី ជាមួយទ្រព្យសម្បត្តិប្រមាណ ៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញពីទស្សនាវដ្ដី Forbes៕