ក្រុមហ៊ុន Samsung Electronics បានប្រកាសថា ពួកគេនឹងវិនិយោគទឹកប្រាក់ប្រហែល ៤០ពាន់លានយ៉េន ឬប្រមាណ ២៨០លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីសាងសង់រោងចក្រស្រាវជ្រាវ និងវេចខ្ចប់បន្ទះឈីបនៅប្រទេសជប៉ុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កាលពីខែមីនា ក្រុមហ៊ុន Samsung បានស្វែងរកទីតាំងសម្រាប់ការសាងសង់រោងចក្រនេះរួចហើយ គឺនៅតំបន់ Kanagawa ដែលទីនោះក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ពួកគេស្រាប់ដែរ។
គម្រោងវិនិយោគខ្ទង់រយលានដុល្លារនេះ កើតឡើងបន្ទាប់ពីទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន ហាក់មានភាពល្អូនល្អឺនជាងមុនបន្តិច បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកទឹកចិត្ត ឲ្យប្រទេសទាំង២ បង្កើនការសាមគ្គី ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន។
ជម្រាបបន្ថែមថា រោងចក្រនៅជប៉ុនរបស់ Samsung នឹងធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូងមួយនេះ មានឥទ្ធិពលកាន់តែខ្លាំងលើវិស័យបន្ទះឈីបមួយកម្រិតថែមទៀត៕