កូរ៉េខាងត្បូង និងជប៉ុន ត្រៀមរៀបចំកិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ ក្រោយខកខាន៨ឆ្នាំ

អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង និងជប៉ុន កំពុងត្រៀមរៀបចំកិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ នាថ្ងៃទី២១ ខែធ្នូ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងបង្ហាញសញ្ញាវិជ្ជមានមកវិញជាបណ្ដើរៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កិច្ចពិភាក្សាមយនេះ បានចាប់ផ្ដើមដំបូងកាលពីឆ្នាំ១៩៩៩ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ វាត្រូវបានផ្អាក រហូតដល់ប្រធានាធិបតីកូរ៉េខាងត្បូង ព្យាយាមរឹតចំណងជាមួយរដ្ឋាភិបាលជប៉ុនឡើងវិញ ក្រោយកាន់តំណែងក្នុងឆ្នាំ២០២២។

សម្រាប់កិច្ចពិភាក្សាមួយនេះ លោក Kang Jae-kwon អនុរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចការសេដ្ឋកិច្ច នឹងក្លាយជាអ្នកតំណាងប្រទេសកូរ៉េខាងត្បូង ហើយលោកនឹងជជែកគ្នាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងបញ្ហាគោលនយោបាយសន្តិសុខសេដ្ឋកិច្ច ជាមួយអនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ជប៉ុន លោក Keiichi Ono។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង កំពុងវិលទៅរកសភាពល្អដូចមុនជាបណ្ដើរៗ បន្ទាប់ពីមានការជ្រោមជ្រែងពីអាមេរិក ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងស្ដេចត្រាញ់អាស៊ីទាំង ២ប្រទេសនេះ ដើម្បីទប់ទល់ជាមួយការពង្រីកខ្លួនរបស់មហាអំណាចចិន៕