ការបញ្ជាទិញទំនិញពីកោះតៃវ៉ាន់មានការកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ១៤ខែជាប់ៗគ្នា

អន្តរជាតិ

ក្រសួងកិច្ចការសេដ្ឋកិច្ច (MOEA) បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជាទំនិញនាំចេញពីកោះតៃវ៉ាន់ទៅក្រៅប្រទេសនៅក្នុងខែវិច្ឆិកា បានកើនឡើង១% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីការនាំចេញបានធ្លាក់ចុះនៅរយៈពេល ១៤ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានតៃវ៉ាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាទិញទំនិញនៅក្នុងខែវិច្ឆិកា បានកើនឡើងដល់ចំនួន ៥០,៦៣ពាន់លានដុល្លារ ខណៈការបញ្ជាទិញទំនិញនៅរយៈពេល ១១ខែគឺចាប់ពីខែមករា ដល់ខែវិច្ឆិកាមានចំនួន ៥១៧,២៧ពាន់លានដុល្លារ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួលេខខែវិច្ឆិកាគឺមានចំនួនទាបជាង ៤,២% ធៀបនឹងខែតុលា ស្របពេលដែល ១១ខែដំបូងនៃឆ្នាំ២០២៣ បានធ្លាក់ចុះ១៥,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២២។

ក្នុងនោះ MOEA បាននិយាយថា កត្តាដែលនៅពីក្រោយការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំនៃខែវិច្ឆិកាបែបនេះ ក៏ដោយសារតែការរឹតបន្តឹងការការពារជំងឺរាតត្បាតនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ក៏ដូចជាការរីកចម្រើននៃបញ្ញាសប្បនិម្មិត(AI) កម្មវិធីកំព្យូទ័រដំណើរការខ្ពស់ (HPC) និងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត។

បន្ថែមពីនោះ MOEA បាននិយាយថា ការបញ្ជាទិញទំនិញសម្រាប់ប្រើប្រាស់ក្នុងវិស័យអុបទិកបានកើនឡើង៩,៨% ដោយសារតែមូលហេតុថាតម្លៃសម្រាប់អេក្រង់ទូរទស្សន៍ នៅតែមានតម្លៃខ្ពស់ជាងកាលពីឆ្នាំ២០២២ ខណៈផលិតផលដែលប្រើប្រាស់ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង បានឃើញថាការបញ្ជាទិញរបស់ពួកគេកើនឡើង១០% ខណៈផលិតផលអេឡិចត្រូនិចកើនឡើងចំនួន៣,៥% ៕