ក្រុមហ៊ុន Honda Motor បានធ្វើការប្រមូលរថយន្តទ្រង់ទ្រាយធំ ចូលរោងចក្រវិញប្រមាណ ៤,៥លានគ្រឿងទូទាំងពិភពលោក បន្ទាប់ពីរកឃើញបញ្ហាស្នប់ប្រេងរថយន្ត មានហានិភ័យមិនអាចដំណើរការបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្រមូលរថយន្តដ៏សំបើមរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ក៏រាប់បញ្ចូលទាំងរថយន្តនៅសហរដ្ឋអាមេរិកប្រមាណ ២,៥៤លានគ្រឿង ខណៈកាលពីឆ្នាំ២០២០ និង២០២១ ក្រុមហ៊ុន Honda ក៏ធ្លាប់ប្រមូលរថយន្តប្រមាណជាង ៧សែនគ្រឿង មកជួសជុលវិញ ក្រោមបញ្ហាដូចគ្នានេះផងដែរ។
រថយន្តដែល Honda កំពុងប្រមែប្រមូលមកវិញនោះគឺមានចាប់ពីសេរីឆ្នាំ ២០១៨ ដល់២០២០ ជារថយន្តម៉ូដែល Honda Accord, Civic, CR-V, HR-V, Insight, Ridgeline, Odyssey, Passport និងម៉ូដែល Acura ជាច្រើនប្រភេទដូចជា ILX, MDX, RDX, RLX, TLX និង NSX ជាដើម។
ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ ក៏បានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនមានមនុស្សរងគ្រោះដោយសារបញ្ហាមួយនេះនៅឡើយទេ ប៉ុន្តែមានការទាមទារសំណងធានារ៉ាប់រង ប្រមាណ ៤ ០៤២ករណី ជុំវិញបញ្ហាមួយនេះតាំងពីឆ្នាំ២០១៨៕