តាមរយៈសារព័ត៌មាន Tass បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលរុស្ស៊ីលោក Maksut Shadayev បាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយបណ្តាញអ៊ីនអឺណេត 5G នៅក្នុងទីក្រុងធំៗរបស់ខ្លួន ចាប់ពីឆ្នាំ២០២៦ តទៅ។

លោក Maksut Shadayev បាននិយាយថា ការដាក់ពង្រាយយ៉ាងសកម្មនៃបណ្តាញ 5G នៅស្ថានីយ៍មូលដ្ឋានក្នុងស្រុក នឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២៦ តទៅនៅទីក្រុងធំៗរបស់ប្រទេសរុស្ស៊ី ខណៈចំពោះការងារត្រៀមដាក់ដំណើរការបណ្តាញនេះវិញ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ ខាងមុខ។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីលោក Mikhai Mishustin បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងហុចថវិកាបន្ថែមប្រមាណជា ៣៨,៦១លានដុល្លារទៀត ដើម្បីបង្កើតស្ថានីយ៍មូលដ្ឋាន ក្នុងការជួយសម្រួលដល់ប្រតិបត្តិករ ដើម្បីធ្វើការផ្លាស់ប្តូរទៅជាបណ្តាញអ៊ីនធឺណេត 5G ។
គួរជម្រាបផងដែរថា កាលពីខែមករា ឆ្នាំ២០២៣ ប្រតិបត្តិករទូរគមនាគមន៍រុស្ស៊ី បានចុះកិច្ចសន្យាបន្តជាមួយក្រុមហ៊ុនផលិតស្ថានីយ៍មូលដ្ឋានរបស់រុស្ស៊ី សម្រាប់បណ្តាញទំនាក់ទំនងដែលមានតម្លៃជាង ១,១ពាន់លានដុល្លារ ខណៈបរិមាណផ្គត់ផ្គង់សរុបរហូតដល់ឆ្នាំ២០៣០ និងមានស្ថានីយ៍មូលដ្ឋានប្រហែល ៧៥ ០០០ ទីតាំង ហើយចាប់ពីឆ្នាំ២០២៨ ទៅប្រតិបត្តិករនឹងត្រូវទិញស្ថានីយ៍មូលដ្ឋានក្នុងស្រុកទាំងនោះ ឲ្យអស់ទាំងស្រុង៕