ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយកប្រទេសជប៉ុន Toshiba ត្រូវបានដកចេញពីបញ្ជីផ្សារហ៊ុនតូក្យូ បន្ទាប់ពីចុះបញ្ជីពាណិជ្ជកម្មជួញដូរភាគហ៊ុនរយៈពេល ៧៤ឆ្នាំ ដោយសាររឿងអាស្រូវ និងភាពចលាចលរបស់ក្រុមហ៊ុនរយៈពេលមួយទសវត្សចុងក្រោយ។
Toshiba គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅប្រទេសជប៉ុន ដែលជំនាញលើការផលិតសម្ភារៈប្រើប្រាស់ទំនើបៗជាច្រើនប្រភេទ ប៉ុន្តែរយៈពេលមួយទសវត្សចុងក្រោយនេះ ក្រុមហ៊ុនមានបញ្ហាមិនចេះចប់ ទាក់ទងនឹងអំពើពុករលួយ និងការកិបកេងផ្សេងៗ មានបញ្ហាជាមួយក្រុមវិនិយោគិនប្ដឹងផ្ដល់គ្នា ដែលធ្វើឲ្យពួកគេខាតបង់ចំណូលរាប់សិបពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនកំពូលមួយនេះត្រូវបានទិញយកដោយក្រុមហ៊ុនឯកជនចំនួន៤ គឺមានដូចជាក្រុមហ៊ុន Japan Industrial Partners ហៅកាន់ JIP ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Orix ក្រុមហ៊ុនឧបករណ៍ប្រើប្រាស់ Chubu Electric Power និងក្រុមហ៊ុនផលិតបន្ទះឈីប Rohm ស្របពេលការទិញយកនេះគឺមានតម្លៃ ១៤ពាន់លានដុល្លារ។
ចំពោះថ្ងៃអនាគត នៅមិនទាន់ដឹងច្បាស់ថា Toshiba នឹងនៅតែប្រកបអាជីវកម្មចាស់ ឬផ្លាស់ប្ដូរឡើយ ប៉ុន្តែមានការសន្និដ្ឋានខ្ពស់ថា ពួកគេនឹងផ្ដោតលើការផ្ដល់សេវាកម្មឌីជីថល ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។
ជាមួយគ្នា ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ក្រុមហ៊ុនក៏នឹងមានការផ្លាស់ប្ដូរផងដែរ ដោយក្នុងនោះប្រធានជាន់ខ្ពស់ក្រុមហ៊ុន JIP នឹងចូលកាន់តំណែងចំនួន ៤រូប និងមកពីក្រុមហ៊ុន Orix និង Chubu Electric ម្នាក់មួយរូបផងដែរ។
បន្ថែមពីនោះ ក្រុមអ្នកគ្រប់គ្រងថ្មីនឹងត្រូវចូលរួមដោយទីប្រឹក្សាជាន់ខ្ពស់មកពីអ្នកផ្តល់កម្ចីធំរបស់ Toshiba គឺ Sumitomo Mitsui Financial Group ថែមទៀត។
គួររំលឹកបន្តិចថា ដ្បិតក្រុមហ៊ុន Toshiba ត្រូវបានដកចេញពីបញ្ជីផ្សារហ៊ុន ក្នុងនាមជាក្រុមហ៊ុនសាធារណៈមែន ប៉ុន្តែពួកគេនឹងអាចប្ដូរទៅជាក្រុមហ៊ុនឯកជនវិញ ក្រោមការគ្រប់គ្រងពីម្ចាស់ថ្មី