អ៊ុយក្រែនប្រឈមនឹងសម្ពាធថវិកា ដោយសារជំនួយពីបរទេសមិនគ្រប់គ្រាន់

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergii Marchenko បានលើកឡើងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងហានិភ័យហិរញ្ញប្បទាន ក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២៤ ដោយសារតែកង្វះខាតជំនួយពីបរទេស។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានដកស្រង់សម្តីលោក Marchenko ដែលបាននិយាយថា៖ យើងអាចនឹងមានហានិភ័យនៅខែមករា និងខែកុម្ភៈ។ គួរឲ្យសោកស្តាយណាស់ ពីខែមករាដល់ខែកម្ភៈ ការសម្រេចចិត្តដែលត្រូវបានធ្វើឡើង ដោយដៃគូផ្តល់ហិរញ្ញប្បទានដល់សមតុល្យថវិការបស់យើង មិនគ្រប់គ្រាន់ទេ សម្រាប់រយៈពេលនេះ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ទៀតថា ស្ថានភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែននឹងមិនធ្ងន់ធ្ងរទេ ព្រោះប្រទេសនឹងពឹងផ្អែកលើធនធានក្នុងប្រទេសរបស់ខ្លួន។ ជាពិសេសអ៊ុយក្រែននឹងបង្កើនការខ្ចីប្រាក់នៅលើទីផ្សារក្នុងស្រុក និងប្រើប្រាស់ការទូទាត់ជាមុន នៃភាគលាភពីក្រុមហ៊ុនរបស់រដ្ឋ ដើម្បីទ្រទ្រង់ថវិកា។

ជាមួយគ្នា បើយើងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តលើការផ្តល់ជំនួយហិរញ្ញវត្ថុថ្មីៗ ដល់អ៊ុយក្រែននៅពាក់កណ្តាល់ខែមករា និងដើមខែកុម្ភៈរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែធ្នូម្សិលមិញនេះ អ៊ុយក្រែនបានទទួលថវិកាប្រហែល ១,៦៥ពាន់លានដុល្លារពី EU ខណៈដែលវាត្រូវបានគេស្គាល់ថា​ ជាកញ្ចប់ចុងក្រោយនៃកញ្ចប់ជំនួយតម្លៃ ១៩,៧ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីក្នុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕