សេដ្ឋកិច្ចសិង្ហបុរី រំពឹងកើនឡើងចន្លោះពី ១% ទៅ ៣% នៅក្នុងឆ្នាំ ២០២៤ ខាងមុខ

អន្តរជាតិ

សេដ្ឋកិច្ចរបស់ប្រទេសិង្ហបុរី ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងមានការកើនឡើងចន្លោះពី ១% ទៅ ៣% នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ក្រោយពីបានមើលឃើញពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ខណ:វិស័យផលិតកម្ម និងពាណិជ្ជកម្មដែលពាក់ព័ន្ធ ក៏រំពឹងថានឹងមានកំណើនឡើងវិញផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហ​កម្មសិង្ហបុរី ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា ផលិតផល​ក្នុង​ស្រុក​សរុប ​ក្នុង​ត្រីមាស​ទី​បី​របស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ បាន​កើន​ឡើង ១,១% ពោលគឺលើស​ពី​ការ​ព្យាករ​ទុកពី​មុន។

ទន្ទឹមនឹងនេះ ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហ​កម្មសិង្ហបុរី បានសង្កត់ធ្ងន់ថា តម្រូវការអេឡិចត្រូនិកសកល នៅតែមានធ្លាក់ចុះដោយសារកម្រិតសារពើភ័ណ្ឌកើនឡើង ហើយវិស័យផលិតកម្ម និងពាណិជ្ជកម្មរបស់សិង្ហបុរី ក៏ទំនងនៅតែមានភាពទន់ខ្សោយសម្រាប់ឆ្នាំ ២០២៣ នេះ ដោយសារតែតម្រូវការខាងក្រៅធ្លាក់ចុះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មានសញ្ញាបានបង្ហាញថា ការធ្លាក់ចុះនៃវិស័យទាំងនោះ អាចនឹងត្រូវបញ្ចប់វិញ នៅឆ្នាំ ២០២៤ ខាងមុខ។

ជម្រាបជូនផងដែរថា ការងើបឡើងវិញជាបន្តបន្ទាប់នៃការធ្វើដំណើរតាមផ្លូវអាកាស ទំនងជាជួយច្រើនដល់វិស័យអាកាសចរណ៍ និងទេសចរណ៍របស់ប្រទេសសិង្ហបុរី ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាស និងការស្នាក់នៅជាដើម ខណ:លក្ខខណ្ឌទីផ្សារការងារដែលមានភាពធន់ ក៏នឹងបន្តជួយដល់វិស័យនានា រួមទាំងពាណិជ្ជកម្មលក់រាយ អាហារ និងភេសជ្ជៈ ផងដែរ៕