លោក ពូទីន រឹបអូសក្រុមហ៊ុនលក់រថយន្តធំបំផុតប្រចាំប្រទេស របស់មហាសេដ្ឋីរុស្ស៊ីម្នាក់

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យមានការរឹបអូសក្រុមហ៊ុនលក់​រថយន្តធំបំផុតនៅប្រទេសរុស្ស៊ីគឺក្រុមហ៊ុន Roft ដែលជាកម្មសិទ្ធរបស់អតីតសមាជិកសភា និងជាមហាសេដ្ឋីដែល​និរទេសខ្លួន លោក Sergei Petrov។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន TheMoscowTimes បានបង្ហាញថា ភាគហ៊ុននៃក្រុមហ៊ុន​លក់​រថយន្តមួយនេះ នឹងត្រូវផ្ទេរពីក្រុមហ៊ុន Delance Limited និងក្រុមហ៊ុន​ Rolf Motors ទៅទីភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិសហព័ន្ធរបស់រុស្ស៊ី (Rosimushchestvo) វិញ។

គូសបញ្ជាក់ដែរថា នេះគឺជាលើកទីមួយហើយ ដែលរដ្ឋាភិបាលចេញបញ្ជារឹបអូសអាជីវកម្ម​គ្រប់គ្រងដោយជនជាតិរុស្ស៊ី តាំងពីរុស្ស៊ីបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែន ខណៈកន្លងមកលោក ពូទីន ធ្លាប់តែបញ្ជាឲ្យមានការរឹបអូសក្រុមហ៊ុនលោកខាងលិចប៉ុណ្ណោះ។

សូមជម្រាបដែរថា មហាសេដ្ឋី Petrov បច្ចុប្បន្នកំពុងសំងំលាក់ខ្លួននៅប្រទេសអូទ្រីស បន្ទាប់ពីលោកបានច្រានចោលរាល់ការចោទប្រកាន់ ទាក់ទងនឹងបទឧក្រិដ្ឋកម្មផ្សេងៗ ជុំវិញការ​ប្រឆាំងជាមួយរដ្ឋាភិបាលរុស្ស៊ី។

បន្ថែមពីការចោទប្រកាន់ខាងលើ មហាសេដ្ឋីរុស្ស៊ីដែលមានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ​ម្នាក់នេះ ក៏ត្រូវរដ្ឋាភិបាលចោទថា បានឃុបឃិតគ្នាជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុន Rolf ជុំវិញការ​ក្លែងបន្លំឯកសារ ដើម្បីផ្ទេរប្រាក់ប្រហែល ៤៤លានដុល្លារ ទៅកាន់ក្រុមហ៊ុននៅប្រទេសស៊ីប​ថែមទៀត៕