រដូវវិស្សមកាលកំពុងឈានមកដល់ ហើយក្រុមមហាសេដ្ឋីៗមានលុយរាប់ពាន់លានដុល្លារ ក៏កំពុងរៀបចំផែនការកម្សាន្តរបស់ពួកគេ សម្រាប់ថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំសកលនានា ដោយការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានប្រណីតៗទូទាំងពិភពលោក។

យោងតាមការចុះផ្សាយពីគេហទំព័រ Wealth-X បានបង្ហាញថា រមណីយដ្ឋានជិះស្គី Colorado គឺជាគោលដៅកម្សាន្តពេញនិយមបំផុត សម្រាប់បុគ្គលមានទ្រព្យសម្បត្តិច្រើនជាង ៣០លានដុល្លារ នៅសហរដ្ឋអាមេរិក ដោយក្នុងចំណោមភ្ញៀវ ៦៧នាក់ គឺមានសេដ្ឋីម្នាក់នៅក្នុងនោះ ខណៈមហាសេដ្ឋីដូចជា Jeff Bezos និងលោក Michael Dell ក៏ធ្លាប់មានវត្តមាននៅទីនោះញឹកញាប់ផងដែរ។

ដោយឡែក សម្រាប់នៅតំបន់អឺរ៉ុបវិញ ប្រទេសស្វីសគឺជាឋានសួគ៌របស់ត្រកូលអភិជនទូទាំងពិភពលោក ដោយសារសម្រស់ធម្មជាតិដ៏អំណោយផល ដូចជានៅទីក្រុង Gstaad និង Verbier ស្របពេលទីក្រុង Kitzbühel នៅប្រទេសអូទ្រីស និងកន្លែងជិះស្គីដ៏ល្បីល្បាញ Courchevel 1850 នៅប្រទេសបារាំង ក៏ជាគោលដៅទេសចរណ៍ សម្រាប់កំពូលៗអ្នកមានដូចជា ប្ដីប្រពន្ធ David និង Victotira Beckham លោក Elton John និងព្រះអង្គម្ចាស់ William ជាដើម។

បើសិនជាមហាសេដ្ឋីខ្លះ ចង់ទទួលបានអារម្មណ៍កក់ក្ដៅ គេចផុតពីអាកាសធាតុត្រជាក់ កោះ Caribbean គឺច្បាស់ជាជម្រករបស់ពួកគេ សម្រាប់ការចំណាយពេលវិស្សមកាល ដោយសារទីនោះមានឆ្នេរខ្សាច់ដ៏ស្អាត និងសមុទ្រដ៏ធំមើលដាច់កន្ទុយភ្នែក។

ក្រៅពីកោះ Caribbean អភិជនខ្លះក៏អាចចំណាយពេលសម្រាកលំហែកាយ នៅទ្វីបអាហ្វ្រិកផងដែរ ដោយពួកគេចាយភាពហ៊ឺហារនៅទីនោះដូចជា ជួលវីឡាផ្ដាច់មុខ ចំណាយពេលជាមួយគ្រួសារ នៅតំបន់អភិរក្សសត្វព្រៃ Ol Jogi នៅប្រទេសកេនយ៉ា និងឧទ្យានជាតិ Saanane Island នៅប្រទេសតាន់ហ្សាន់ញ៉ា ដែលមានតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ ក្នុងមួយយប់ជាដើម៕
