រដ្ឋាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនប្រជាជននៅក្នុងខេត្តទាំង៤៧ លើកលែងតែទីក្រុងតូក្យូមួយប៉ុណ្ណោះ នឹងមានការធ្លាក់ចុះចំនួនប្រជាជនត្រឹមឆ្នាំ ២០៥០ខាងមុខ ពីកម្រិតប្រជាជនឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។
យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមផងដែរនោះបានព្យាករណ៍ថា ប្រជាជនជប៉ុននៅក្នុងខេត្តចំនួន១១ នឹងមានការធ្លាក់ចុះចំនួន៣០% ខណៈពេលដែលចំនួនប្រជាជនដែលរស់នៅទីក្រុងប្រហែល ២០% នៃទីក្រុងទាំងអស់នៅជប៉ុន នឹងមានការថយចុះច្រើនជាងពាក់កណ្ដាល។
ក្នុងនោះដែរ ស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានបន្ថែមថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១៧% នៅក្នុងអំឡុងពេលដូចគ្នា មកនៅត្រឹម ១០៤,៦៩លាននាក់។
ជាមួយគ្នា ចំពោះខេត្តនៅភាគឦសាននៃប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថាមានការថយចុះចំនួនប្រជាជនខ្លាំងបំផុត ដោយក្នុងនោះខេត្ត Akita រំពឹងថាមានការធ្លាក់ចុះ៤១,៦% មកត្រឹម ៥៦០ ០០០នាក់ ខណៈខេត្ត Aomori ធ្លាក់ចុះ៣៩% និងខេត្ត Iwate ក៏ធ្លាក់ចុះ៣៥,៣% ផងដែរ។
ទន្ទឹមនឹងនេះ ខេត្តអូគីណាវ៉ាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះស្ថិតក្នុងល្បឿងយឺតបំផុតត្រឹម៥,២% តាមពីក្រោយខេត្តកាណាហ្គាវ៉ា ឈីបា និងសៃតាម៉ា ស្របពេលដែលតូក្យូគឺជាទីក្រុងតែមួយគត់ ដែលមានប្រជាជនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២,៥% ដល់ចំនួន ១៤,៤០លាននាក់ បើរាប់ចាប់ពីឆ្នាំ២០២០។
មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនដែលមានអាយុ ១៤ឆ្នាំ ឬក្រោមនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៣០,៨% នៅទូទាំងប្រទេស ខណៈដែលប្រជាជននៅ ២៥ខេត្តទៀត ត្រូវបានគេព្យាករណ៍ថា ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ នឹងមានចំនួនលើសពី៤០% នៃចំនួនប្រជាជនរបស់ពួកគេនាឆ្នាំ២០៥០ ខាងមុខ។
គួរបញ្ជាក់ថា តំបន់មួយចំនួនដែលមានការថយចុះចំនួនប្រជាជនយ៉ាងច្រើនបែបនេះ ទំនងជាប្រឈមមុខនឹងការលំបាកក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ ដោយសារតែការថយចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះនូវសេដ្ឋកិច្ច ការដោះស្រាយការថយចុះអត្រាកំណើត និងការប្រមូលផ្តុំប្រជាជននៅទីក្រុងតូក្យូ បានក្លាយជាបញ្ហាប្រឈមបន្ទាន់៕