កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ចាប់ផ្តើមនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលចូលរួមពីមេដឹកនាំប្រទេសសមាជិកអនុតំបន់មេគង្គ-ឡានឆាង។
សម្រាប់កិច្ចប្រជុំលើកទី៤នេះ មាននាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ជាសហប្រធានក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង» ។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ ក៏ដូចជាកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
តើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាអ្វី?
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើនហើយបែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង ១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។
កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានមហាអំណាចចិនជាសហប្រធានអចិន្ត្រៃយ៍ ខណៈប្រទេសតំបន់ទន្លេមេគង្គ ត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។ មេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កូសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។
ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។
ទន្លេមេគង្គ ឬប្រទេសចិនហៅថាទន្លេឡានឆាង មានប្រវែងសរុប ៤ ៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ខណៈវាមានមាឌផ្ទុកទឹកប្រហែល ៧៩៥ ០០០គីឡូម៉ែត្រការ៉េ ដោយផ្គត់ផ្គង់ប្រជាជនបានប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕
តើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តល់ប្រយោជន៍អ្វីដល់ប្រទេសជាសមាជិក?
មន្រ្តីជាន់ខ្ពស់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអះអាងថា ចាប់តាំងពីការដំណើរការអស់រយៈពេល ៧ឆ្នាំកន្លងមកនេះ ប្រទេសទាំង៦ នៃតំបន់មេគង្គ-ឡានឆាង បានពិភាក្សារួមគ្នាកសាងនិងចែករំលែកជាមួយគ្នានូវវេទិកាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ស្របតាមគោលបំណងដើមនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ឈ្នះ-ឈ្នះ និងស្វែងរកការអភិវឌ្ឍន៍រួម សម្រេចបាននូវសមិទ្ធផលជាក់ស្តែងនានា រួមទាំងផ្លូវដែកចិន-ឡាវ ផ្លូវដែកចិន-ថៃ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម ដែលបាននាំមកនូវសុខុមាលភាពជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានា។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញនាពេលនេះ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្ពស់ និងសង្ឃឹមឆ្លងតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកនេះ អាចផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយបណ្តាប្រទេសតាមតំបន់មេគង្គ-ឡានឆាងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង ក៏ដូចជារួមដៃគ្នាកសាងសហគមន៍ជោគវាសនារួមមេគង្គ-ឡានឆាងដែលប្រជាជនយល់ចិត្តគ្នា និងមានភាពជិតស្និទ្ធព្រមទាំងមានការអភិវឌ្ឍន៍ និងវិបុលភាពរួម។
និយាយដាច់ដោយឡែក ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានគម្រោងចំនួន១៣ បន្ថែមទៀតពីមូលនិធិពិសេសមេគង្គ- ឡានឆាង ធ្វើឲ្យកម្ពុជាទទួលបានគម្រោងសរុបចំនួន៨០ ហើយ ដោយគម្រោងទាំងនេះបានគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន៖ អប់រំការកសាងសមត្ថភាពកសិកម្ម ការកាត់បន្ថយភាពក្រីក្រ បរិស្ថាន ធនធានទឹក ការតភ្ជាប់ផ្លូវអាកាស វប្បធម៌ និងសាសនា ជាដើម៕