រដ្ឋាភិបានឥណ្ឌូនេស៊ី បានបង្ហាញឲ្យដឹងថា ទឹកប្រាក់សរុបចំនួន ៤១,៤ទ្រីលានរូពី (២,៦៧ពាន់លានដុល្លារ) ត្រូវបានវិនិយោគ នៅក្នុងគម្រោងនៃការបង្កើតរដ្ឋធានីថ្មី Nusantara របស់ខ្លួន ក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Bambang Susantono ប្រធានអាជ្ញាធររដ្ឋធានី Nusantara បានបង្ហាញការជឿជាក់ថា ចំនួនទឹកប្រាក់ដ៏ច្រើននេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំរបស់ក្រុមអ្នកវិនិយោគ មកលើទស្សនវិស័យអភិវឌ្ឍរដ្ឋធានី Nusantara ។ ហើយជាមួយនឹងការចាប់ផ្តើមនៃដំណាក់កាលទី៣ នៃគម្រោងបង្កើតរដ្ឋធានីថ្មីនេះ លោក Bambang មានសុទិដ្ឋិនិយមកាន់តែខ្លាំងថាការប្តេជ្ញាចិត្តរបស់ក្រុមអ្នកវិនិយោគនិងនៅតែបន្តកើនឡើងថែមទៀត។
គួរឲ្យដឹងថា រហូតមកដល់ពេលនេះរដ្ឋធានី Nusantara បានទទួលលិខិតស្នើសុំវិនិយោគ (LOI) ចំនួន ៣៣០ រួចមកហើយ ដោយក្នុងនោះ ៥៥% ជាអ្នកវិនិយោគក្នុងស្រុក ស្របពេលសិង្ហបុរី ជប៉ុន ចិន និងម៉ាឡេស៊ី គឺជាប្រទេសដែលបានដាក់លិខិតស្នើសុំវិនិយោគច្រើនជាងគេ ។
ជម្រាបជូនទៀតថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងផ្តល់ជូនក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មីនេះ នូវការលើកទឹកចិត្តជាច្រើន ដែលរួមមានការលើកលែងពន្ធលើប្រាក់ចំណូលសាជីវកម្មទាំងស្រុង ក៏ដូចជាពន្ធលើតម្លៃបន្ថែមសម្រាប់ទំនិញនាំចូល ពន្ធប្រើប្រាស់ពិសេស ពន្ធដីធ្លី និងថ្លៃសំណង់ ក្នុងរយ:ពេលមួយទសវត្សរ៍៕