រុស្ស៊ីថាខ្លួនជាប្រទេសនាំមុខលោកខាងលិច លើការផលិតសព្វាវុធ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Denis Manturov បាននិយាយនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនាំមុខបណ្តាប្រទេសនៅលោកខាងលិច លើការផលិតសព្វាវុធ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Denis Manturov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ថា៖ ខ្ញុំមិនចង់អួតទេ ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងចាប់ផ្តើមទទួលបាន និងបង្កើនល្បឿននៃការផលិតលឿនជាងបណ្តាប្រទេសលោកខាងលិចទៅទៀត។

លោក Manturov ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ីផងដែរនោះ បានកត់សំគាល់ថា ពួកយើងកំពុងធ្វើការក្នុងក្របខ័ណ្ឌនៃកម្មវិធីសព្វាវុធរបស់រដ្ឋ និងកម្មវិធីរយៈពេលវែង ដែលពាក់ព័ន្ធនឹងរយៈពេលរវាងឆ្នាំ២០២៥ និង២០៣៤ ។ មួយវិញទៀត លោក Manturov បាននិយាយថា ក្រសួងរបស់គាត់ និងក្រសួងការពារជាតិរុស្ស៊ី កំពុងធ្វើការយ៉ាងសកម្មដើម្បីផ្ទៀងផ្ទាត់ និងរៀបចំប៉ារ៉ាម៉ែត្រទាំងនេះ។

លោកក៏បាននិយាយផងដែរថា សម្រាប់មុខទំនិញមួយចំនួន យើងបានបង្កើនបរិមាណផលិតកម្ម និងការផ្គត់ផ្គង់ពី១០ ទៅ១២ដង ហើយដោយសារតែភាពខុសគ្នាខ្លះ ខ្ញុំមិនអាចនិយាយអំពីទិន្នន័យជាក់លាក់នៃការផ្គត់ផ្គង់ និងហិរញ្ញប្បទានបានទេ ប៉ុន្តែជឿខ្ញុំទៅ ចំនួនផលិតកម្មគឺមានច្រើនណាស់។

ជម្រាបដែរថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ក៏ធ្លាប់បានលើកឡើងថា ការផលិតកាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក រថក្រោះ និងរថពាសដែក កំពុងតែមានចំនួនកើនឡើង៕