ក្រោយអនុម័តច្បាប់លើការកាត់បន្ថយអត្រាពន្ធកាលពីក្នុងឆ្នាំ២០២១ រួចមក អតិផរណាហាក់បីដូចជានៅមិនទាន់់ស្រាក់ស្រាន្ត ខណៈនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានអនុម័តបន្តរយៈពេលកាត់បន្ថយពន្ធលើអាហារ រួមទាំងអង្ករបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៤។
យោងតាមសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Marcos ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ស្ថានភាពសេដ្ចកិច្ចនាពេលបច្ចុបន្ន ធានាអនុវត្តក្នុងការបន្តកាត់បន្ថយអត្រាពន្ធ លើមុខទំនិញអង្ករ ពោត និងសាចជ្រូកជាដើម ដើម្បីរក្សាតម្លៃសមរម្យក្នុងគោលបំណងធានាសន្តិសុខស្បៀង។
លោក Marcos ក៏បាននិយាយដែរថា ការបន្ថែមរយៈពេលលើការកាត់បន្ថយពន្ធគយនេះ គឺមានគោលបំណងធានានូវតម្លៃសមរម្យចំពោះមុខទំនិញអង្ករ ពោត និងផលិតផលសាច់ ជាមួយនឹងផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Nino នៅដើមឆ្នាំក្រោយ និងការគំរាមកំហែងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។
គួរជម្រាបថា អតិផរណាមានកម្រិត៤,១% នៅក្នុងខែវិច្ឆិកា ដោយបានបន្ធូរបន្ថយនៅរយៈពេលពីរខែជាប់ៗគ្នា ប៉ុន្តែជាមធ្យមអតិផរណាមាន៦,២% ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ខុសពីការកំណត់គោលដៅ២% ទៅ៤% របស់ធនាគារកណ្តាលហ្វីលីពីនសម្រាប់ឆ្នាំនេះ។
ជាមួយគ្នា អត្រាពន្ធអង្ករនឹងនៅតែមាន៣៥% ខណៈពេលដែលពន្ធលើការនាំចូលពោតនឹងនៅត្រឹម៥% ទៅ១៥% និង១៥% ទៅ២៥% សម្រាប់ផលិតផលសាច់ជ្រូក៕