ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃទី២៦ ខែធ្នូថា ការលក់រាយរបស់កូរ៉េខាងត្បូងបានកើនឡើងកាលពីខែវិច្ឆិកា ដោយសារតែមានការកើនឡើងតម្រូវការទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

បើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រាក់ចំណូលសរុបបញ្ចូលគ្នាទាំងការលក់រាយនៅតាមហាងផ្ទាល់ និងតាមប្រព័ន្ធអនឡាញធំៗចំនួន២៥ នៅក្នុងខែវិច្ឆិកាបានកើនឡើង៨,៧% ឬកើនដល់ចំនួន ១២,៣៧ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ ប្រាក់ចំណូលចំពោះការលក់រាយតាមប្រព័ន្ធអនឡាញ បានកើនឡើង១២,៧% ខណៈឯការលក់រាយនៅតាមហាងផ្ទាល់វិញ បានកើនឡើង៤,៥%។
ក្នុងនោះ តម្រូវការនៃការបញ្ជាទិញម្ហូបអាហារតាមអនឡាញ បានកើនឡើង២២% ស្របពេលដែលការបញ្ជាទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា សម្ភារៈផ្ទះបាយ និងសម្ភារៈផ្សេងៗមួយចំនួនទៀត បានកើនឡើង១៤,១%។

ដោយឡែក ការលក់អាហារនៅតាមហាងផ្ទាល់វិញ មានការកើនឡើង៤,៤% ប៉ុន្តែចំពោះការទិញឧបករណ៍ប្រើប្រាស់ផ្សេងៗដោយផ្ទាល់ គឺមានការថយចុះគួរសម។
ជម្រាបបន្ថែមដែរថា នៅខែវិច្ឆិកាដដែល ប្រាក់ចំណូលនៅហាងដែលលក់បញ្ចុះតម្លៃមានចំនួន១,៣% ហាងលក់ទំនិញមានចំនួន៦,៨% និងម៉ាតលក់ទំនិញវិញមានចំនួន៤,២%៕