ចិន ចេញមុខរិះគន់ចំៗលើសហរដ្ឋអាមរិក ជុំវិញការដាក់ទណ្ឌកម្មលើក្រុមហ៊ុន​ហ្គាស​រុស្ស៊ី

អន្តរជាតិ

ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែធ្នូនេះថា ការចូលរួមបណ្តាក់ទុនរបស់ក្រុមហ៊ុនចិន នៅក្នុងគម្រោងឧស្ម័នធម្មជាតិរាវ Arctic LNG-2 របស់រុស្ស៊ី មិនគួរជាគោលដៅនៃការអន្តរាគមន៍ ឬការរឹតត្បិតពីសំណាក់ភាគីទីបីណាមួយនោះឡើយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើគម្រោងបូមហ្គាស Artic LNG-2 កាលពីក្នុងខែវិច្ឆិកា ដែលជាផ្នែកមួយនៃផែនការថ្មីប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍ថា ក្រុមហ៊ុនប្រេងរដ្ឋរបស់ចិន CNOOC Ltd និង China National Petroleum Corp (CNPC) ដែលជាភាគីពាក់ព័ន្ធនៅក្នុងគម្រោងហ្គាសដ៏ធំនេះ បានចេញមុខប្រឆាំងទៅនឹងការដាក់ទណ្ឌកម្ម ដោយលើកឡើងថាជារឿងមិនសមហេតុផល។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារនេះថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងរុស្ស៊ីគឺស្ថិតនៅក្នុងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ហើយវាមិនគួរត្រូវបានជ្រៀតជ្រែក ឬដាក់កម្រិតដោយភាគីទីបីណាមួយឡើយ។

លោកស្រី Mao បានបន្ថែមថា ៖ “ប្រទេសចិនតែងតែប្រឆាំងដាច់ខាតទៅនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការប្រើប្រាស់អំណាចហួសព្រំដែនដោយគ្មានមូលដ្ឋាននៃច្បាប់អន្តរជាតិច្បាស់លាស់”។

ជម្រាបជូនផងដែរថា គម្រោង Arctic LNG-2 គ្រោងនឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ ២០២៤ ខាងមុខ ដោយក្នុងនោះក្រុមហ៊ុនរុស្ស៊ី Novatek កាន់កាប់ភាគហ៊ុន ៦០% នៃគម្រោងនេះ ខណៈដែល CNOOC និង CNPC កាន់កាប់ ១០% ម្នាក់ រួមទាំងក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង និងក្រុមហ៊ុន Mitsui & Co និង JOGMEC របស់ប្រទេសជប៉ុនផងដែរ៕