ធនាគារលំដាប់កំពូលៗចំនួន ២០ បានកាត់បន្ថយបុគ្គលិកសរុបនៅក្នុងឆ្នាំ២០២៣ ច្រើនជាង ៦០ ០០០នាក់ ខណៈការកាត់បន្ថយនេះ ត្រូវបានគេចាត់ទុកថា ជាឆ្នាំដែលអាក្រក់បំផុតនៅក្នុងវិស័យធនាគារ តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Financial Times បានបង្ហាញថា ធនាគារកំពូលនៅប្រទេសស្វីស គឺ UBS បានកាត់បន្ថយបុគ្គលិកច្រើនបំផុត ខណៈធនាគារ Wells Fargo នៅសហរដ្ឋអាមេរិកក៏បន្ថយបុគ្គលិករាប់ម៉ឹននាក់ផងដែរ។

កាលពីខែវិច្ឆិកា ធនាគារ UBS បានបង្ហាញរបាយការណ៍កាត់បន្ថយបុគ្គលិក រហូតដល់ ១៣ ០០០នាក់ ស្របពេលចំនួនបុគ្គលិកនៅធនាគារ Wells Fargo មានការថយចុះរហូតដល់ ១២ ០០០នាក់ឯណោះ។
សូមជម្រាបបន្ថែមថា ក្នុងចំណោមការកាត់បន្ថយបុគ្គលិកដ៏សំបើមនេះ ធនាគារខ្នាតយក្សនៅអាមេរិក មានការបន្ថយបុគ្គលិកច្រើនជាងធនាគារផ្សេងនៅតំបន់អឺរ៉ុប ពោលសរុបការកាត់បន្ថយបុគ្គលិកធនាគារនៅអាមេរិក មានយ៉ាងហោចណាស់ ៣០ ០០០នាក់ឯណោះ។
រំលឹកបន្តិចថា មូលហេតុដែលធ្វើឲ្យវិស័យធនាគារពិភពលោក កំពុងមានហានិភ័យ គឺដោយសារការដួលរលំរបស់ធនាគារកំពូល Silicon Valley Bank និង First Republic Bank ដែលមានកង្វះខាតលើការគ្រប់គ្រងហានិភ័យ និងខ្វះការត្រួតពិនិត្យយ៉ាងដិតដល់ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល ស្របពេលវិស័យអចលនទ្រព្យនៅចិនជួបភាពរាំងស្ទះ បានធ្វើឲ្យវិស័យធនាគារពិភពលោក ក៏ផុងខ្លួនក្នុងរណ្ដៅបែបនេះផងដែរ៕