នៅថ្ងៃទី២៧ ខែធ្នូ និយ័តករថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានដកបម្រាមហាមឃាត់ប្រតិបត្តិការ ដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត Kasiwazaki Kariwa របស់ក្រុមហ៊ុន Tokyo Electric Power (Tepco) ដើម្បីជួយឈូសឆាយផ្លូវសម្រាប់ដំណើរការរោងចក្រឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ដើម្បីជួយសម្រួល និងកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ប្រជាពលរដ្ឋជប៉ុន ក្រុមហ៊ុន Tepco បានខ្នះខ្នែងធ្វើយ៉ាងណា ដើម្បីអាចនាំយករោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកត្រឡប់មកវិញ ប៉ុន្តែមុននឹងអាចឈានដល់ការបើកដំណើរការរោងចក្រឡើងវិញ ក៏ត្រូវមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានខេត្ត Niigata ជាមុនសិនផងដែរ។
រម្លឹកទៅកាន់ឆ្នាំ២០២១ ក្រុមហ៊ុន Tepco មានបំណងចង់បើកដំណើរការលើរោងចក្រ Kashiwazaki Kariwa សាជាថ្មី ក៏ប៉ុន្តែត្រូវបានអាក់ខាន ក៏ព្រោះតែអជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ (NRA) បានរារាំងទៅលើសំណើរទាំងនេះ ដោយសារការរំលោភបំពានសុវត្តិភាព រួមទាំងការបរាជ័យក្នុងការការពារសម្ភារនុយក្លេអ៊ែរ និងកំហុសខុសឆ្គងមួយចំនួនទៀត ដែលនាំឲ្យសមាជិកបុគ្គលិកដែលគ្មានការអនុញ្ញាតចូលទៅកាន់តំបន់រសើប ឬមានហានិភ័យនៃរុក្ខជាតិ។
តែយ៉ាងណា ដោយបានលើកឡើងពីភាពល្អប្រសើរឡើងវិញនៅក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ NRA បានដកសកម្មភាពរារាំងក្រុមហ៊ុន Tepco ពីការដឹកជញ្ជូនឥន្ធនៈអ៊ុយរ៉ាញ៉ូមថ្មីទៅកាន់រោងចក្រ ឬផ្ទុកកំណាត់ឥន្ធនៈ (fuel rods) ចូលទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័ររបស់ខ្លួន។
ជម្រាបផងដែរថា រោងចក្រ Kashiwazaki Kariwa មានសមត្ថភាពអាចផលិតថាមពលបាន ៨,២១២មេហ្គាវ៉ាត់ (MW) ខណៈរោងចក្រមួយនេះត្រូវបានផ្អាកដំណើរការកាលពីឆ្នាំ២០១១ នៅពេលដែលគ្រោះមហន្តរាយ Fukushima បានជំរុញឲ្យមានការបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់ នៅក្នុងប្រទេសជប៉ុននាពេលនោះ៕