រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែល បានយល់ព្រមផ្តល់ឲ្យក្រុមហ៊ុនបន្ទះឈីប Intel Corp របស់សហរដ្ឋអាមេរិក នូវជំនួយទឹកប្រាក់ចំនួន ៣,២ពាន់លានដុល្លារ សម្រាប់រោងចក្រផលិតបន្ទះឈីបថ្មី តម្លៃ ២៥ពាន់លានដុល្លារដែលខ្លួនគ្រោងនឹងសាងសង់នៅភាគខាងត្បូងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ជុំវិញការប្រកាសនេះត្រូវបានកើតឡើងនៅពេលដែលអ៊ីស្រាអែល នៅតែកំពុងជាប់ផុងក្នុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បន្ទាប់ពីការវាយប្រហារបានកើតឡើងនៅថ្ងៃទី៧ ខែតុលាកន្លងទៅ។
ក្រុមហ៊ុន Intel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ជំនួយនេះ គឺផ្នែកមួយដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Intel ក្នុងការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានភាពធន់ជាងមុន រួមជាមួយនឹងការវិនិយោគលើផលិតកម្មដែលកំពុងដំណើរការ”។
គួរឲ្យដឹងថា ក្រុមហ៊ុន Intel ដំណើរការកន្លែងអភិវឌ្ឍ និងរោងចក្រផលិតកម្មចំនួន៤ នៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងរោងចក្រនៅក្នុងទីក្រុង Kiryat Gat ដោយមានបុគ្គលិកជិត ១២ ០០០ នាក់កំពុងធ្វើការនៅទីនោះ។
កាលពីខែមិថុនា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយថាក្រុមហ៊ុន Intel នឹងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយបន្ថែមទៀត ក្នុងតម្លៃ ២៥ពាន់លានដុល្លារនៅក្នុងប្រទេសអ៊ីស្រាអែល។
ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុន Intel ក៏បានប្តេជ្ញាចិត្តថានឹងទិញយកទំនិញ និងផ្នែកសេវាកម្មដែលមានតម្លៃ ១៦,៦ពាន់លានដុល្លារ ពីអ្នកផ្គត់ផ្គង់របស់អ៊ីស្រាអែល ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ខណៈពេលដែលរោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្កើតការងារជូនដល់ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បន្ថែមទៀត៕