ក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota ត្រៀមសងសំណងទៅអ្នកផ្គត់ផ្គង់សម្ភារៈ ក្រោយពន្យារពេលសង្វាក់ផលិតកម្ម

អន្តរជាតិ

ក្រុមហ៊ុនរថយន្ត Daihatsu Motor ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Toyota Motor ប្រកាសថា នឹងផ្ដល់សំណងទៅកាន់អ្នកផ្គត់ផ្គង់សម្ភារៈរថយន្តរបស់ពួកគេ បន្ទាប់ពីមានការផ្អាកសង្វាក់ផលិតកម្មរយៈពេលយូរ ដោយសារបញ្ហាពិនិត្យលើប្រព័ន្ធសុវត្ថិភាព​ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន Daihatsu នឹងធ្វើការសងជំងឺចិត្ត ទៅកាន់អ្នកផ្គត់ផ្គង់ប្រមាណ ៤២៣ក្រុមហ៊ុន ស្របពេលការពន្យារពេលសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមួយនេះ អាចនឹងបន្តយ៉ាងតិច ដល់ចុងខែមករាឯណោះ។

ជម្រាបដែរថា ក្រុមហ៊ុន Daihatsu មានក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ ច្រើនជាង ៤ ០០០ក្រុមហ៊ុន ដែលផ្សារភ្ជាប់ជាមួយនឹងសង្វាក់ផលិតកម្ម និងមានច្រើនជាង ១ ០០០ក្រុមហ៊ុនទៀត ជាបណ្ដាញចែកចាយជាដើម។

រំលឹកបន្តិចថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Daihatsu បានផ្អាកផលិតកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីរកឃើញថាប្រព័ន្ធសុវត្ថិភាពរបស់ពួកគេ មានភាពមិនប្រក្រតី អំឡុងពេលធ្វើតេស្ត៕