ការវិនិយោគបរទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កើនឡើងជាលំដាប់ដល់ចំនួនបំបែកកំណត់ត្រា

អន្តរជាតិ

ការ​វិនិយោគ​បរទេស​កំពុង​កើន​ឡើង​យ៉ាងខ្លាំង ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏ព្រោះតែត្រូវបានជំរុញ​ដោយស្ថិរភាព​នយោបាយ និង​ទីផ្សារ​ដែលកំពុង​រីក​លូតលាស់យ៉ាងឆាប់រហ័ស ដែលកំពុងទាក់ទាញការវិនិយោគជាសកលយ៉ាងច្រើន ជាមួយនឹងចំនួនបំបែកកំណត់ត្រា ២២២,៥ពាន់លានដុល្លារ ត្រូវបានចាក់បញ្ចូលមកកាន់តំបន់នេះ ក្នុងអំឡុងឆ្នាំ ២០២២​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Seasia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន វៀតណាម បានក្លាយជាគោលដៅដ៏លេចធ្លោបំផុតមួយ ដែលត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថាជាដៃគូដ៏មានសក្តានុពលក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសទៅលើឧបករណ៍អេឡិចត្រូនិក។

ក្រុមហ៊ុនអាមេរិកខ្នាតយក្សមួយចំនួនដូចជា Marvell Technology និង Synopsys បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការចូលមកវិនិយោគនៅក្នុងប្រទេសវៀតណាមរួចទៅហើយ ស្របពេលក្រុមហ៊ុន Amkor Technology ថ្មីៗនេះ ក៏បានបើកសម្ពោធរោងចក្រផលិតគ្រឿងអេឡិចត្រូនិកតម្លៃ ១,៦ពាន់លានដុល្លារ នៅទីក្រុង Bac Ninh ផងដែរ។

ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏ទទួលបាននូវការវិនិយោគចំនួន ១០ពាន់លានដុល្លារពីក្រុមហ៊ុន Zhejiang Geely Holding Group របស់ប្រទេសចិន សម្រាប់មូលដ្ឋានផលិតកម្មរថយន្តរបស់ខ្លួននៅក្នុងរដ្ឋ Perak ផងដែរ។ ទាំងក្រុមហ៊ុនអាមេរិក និងចិន កំពុងទទួលបានអាជីវកម្មកាន់តែច្រើនឡើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាក់ស្តែងដូចជាក្រុមហ៊ុនអាមេរិក Kimberly-Clark បានធ្វើការទិញយកក្រុម៊ុន Softex Indonesia ក្នុងតម្លៃ ១,២ពាន់លានដុល្លារ និងការវិនិយោគតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន Alibaba Group Holding នៅក្នុង Lazada ថែមទៀតផង។

គួរឲ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងចំនួន ៤០% លើសពីតំបន់ផ្សេងទៀតលើពិភពលោក ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងលើផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

សហរដ្ឋអាមេរិក កំពុងនាំមុខគេក្នុងលើការវិនិយោគមកកាន់តំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងទឹកប្រាក់សរុប ៧៤,៣ពាន់លានដុល្លារ ខណ:តាមពីក្រោយដោយប្រទេសចិន ដែលមានចំនួនវិនិយោគ ៦៨,៥ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ជប៉ុន ដែលធ្លាប់តែមានភាពលេចធ្លោខ្លាំង ក្នុងការចូលមកវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះមកនៅត្រឹមចំនួន ៤៣,៥ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយសារតែពួកគេបាននិងកំពុងផ្តោតទៅការវិនិយោគក្នុងវិស័យទំនើបៗ នៅក្នុងស្រុកច្រើនជាង៕