ក្រុមហ៊ុន New World Development និង China Resources Land ដែលគាំទ្រដោយរដ្ឋាភិបាលហុងកុង បាននិយាយថា ពួកគេនឹងចាប់ដៃរួមគ្នាសាងសង់គម្រោងលំនៅដ្ឋានតម្លៃ ១,៣ពាន់លានដុល្លារ នៅក្នុងតំបន់ “Northern Metropolis” នាឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃពុធ ទី២៧ ខែធ្នូកន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្សទាំងពីរបាននិយាយថា គម្រោងនេះនឹងបង្កើតផ្ទះប្រហែល ១ ៨០០ ខ្នង នៅក្នុងផែនការអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយដែលដឹកនាំដោយរដ្ឋាភិបាលហុងកុង នៅតាមតំបន់ព្រំដែនជាប់ជាមួយចិនដីគោក។
គួរឲ្យដឹងថា មន្ត្រីនៃការិយាល័យទំនាក់ទំនងរបស់ប្រទេសចិន ដែលជាការិយាល័យតំណាងសំខាន់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រចាំនៅទីក្រុងហុងកុង បានបង្ហាញវត្តមាន នៅក្នុងពិធីចុះហត្ថលេខាលើគម្រោងរួមគ្នានេះ។
ជម្រាបជូនទៀតផងដែរថា រដ្ឋាភិបាលហុងកុងបានបង្ហាញផែនការនេះជាលើកដំបូងនៅភាគខាងជើងនៃទីក្រុង ក្នុងឆ្នាំ ២០២១ មកម្លេះ ដែលមានគោលបំណងផ្តល់ផ្ទះសម្រាប់ប្រជាជនប្រហែល ២,៥ លាននាក់ ក្នុងគោលបំណងកាត់បន្ថយភាពខ្វះខាតលំនៅឋានរ៉ាំរ៉ៃ និងបង្កើតតំបន់ពាណិជ្ជកម្មថ្មីមួយ៕