ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ប្រទេសចិន Xiaomi បានធ្វើការបង្ហាញពីគំរូរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូកន្លងទៅ ខណ:ពេលដែលនាយកក្រុមហ៊ុនមួយនេះ បានប្រកាសពីមហិច្ឆតារបស់ខ្លួន ចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលទាំង៥ របស់ពិភពលោក នាពេលអនាគត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងថា រថយន្តអគ្គិសនី Xiaomi ដែលទើបតែបញ្ចេញនេះ មានឈ្មោះថា SU7 ជាមួយតួខ្លួនបែបរថយន្តស្ព័រ ដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក Lei Jun បាននិយាយថាវាមានបច្ចេកវិជ្ជា “Super Electric Motor” ដែលអាចផ្តល់ការបង្កើនល្បឿនបានលឿនជាងរថយន្ត Tesla និងរថយន្តអគ្គិសនីរបស់ Porsche ទៅទៀត។
លោក Lei បាននិយាយនៅឯការតាំងពិព័រណ៍រថយន្តអគ្គិសនីរបស់ខ្លួនថា ៖ “ដោយការខិតខំប្រឹងប្រែងក្នុងរយៈពេលពី ១៥ ទៅ ២០ ឆ្នាំខាងមុខ យើងនឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំរបស់ពិភពលោក ដោយនេះក៏នឹងជាការខិតខំលើកកម្ពស់សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិនទាំងមូលផងដែរ” ។
នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi រូបនេះបានបន្ថែមទៀតថា ផែនការទាំងនោះរួមមានការបង្កើតរថយន្តក្នុងក្តីស្រមៃមួយដែលអាចយកប្រៀបធៀបជាមួយនឹងរថយន្តអគ្គិសនី Porsche និង Tesla បានផងដែរ។
ជម្រាបជូនផងដែរថា SU7 នឹងមានពីរប្រភេទ ដោយមួយអាចមានសមត្ថភាពបើកបរដល់ចម្ងាយ ៦៦៨ គីឡូម៉ែត្រ ជាមួយនឹងការសាកអាគុយពេញតែម្តង និងមួយទៀតអាចបើកបានចម្ងាយដល់ទៅ ៨០០ គីឡូម៉ែត្រ។ តាមការប្រៀបធៀប ម៉ូឌែល S របស់ក្រុមហ៊ុន Tesla អាចមានសមត្ថភាពបើកបានចម្ងាយត្រឹមតែ ៦៥០ គីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងការសាកបំពេញអាគុយម្តង៕