ក្រុមហ៊ុន Huawei រំពឹងកើនប្រាក់ចំណូលជិត ៩% នៅឆ្នាំនេះ ទោះរងសម្ពាធពីអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ចិន Huawei បាននិយាយនៅថ្ងៃសុក្រ ទី២៩ ខែធ្នូកន្លងទៅថា ប្រាក់ចំណូលរបស់ខ្លួនរំពឹងអាចនឹងមានការកើនឡើងជិត ៩% នៅក្នុងឆ្នាំ ២០២៣ នេះ បើទោះបីជាទទួលរងសម្ពាធខ្លាំង ដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក្តី។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បានស្ថិតនៅចំកណ្តាលនៃការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្រមានថាឧបករណ៍អេឡិចត្រូនិករបស់ Huawei ត្រូវបានយកទៅប្រើប្រាស់សម្រាប់ចារកម្ម ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Huawei ទទួលរងសម្ពាធយ៉ាងខ្លាំង ដោយសារតែត្រូវបានកាត់ផ្តាច់ពីការនាំចូលគ្រឿងបន្លាស់ និងបច្ចេកវិទ្យាដែលផលិតដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលបានបង្ខំឲ្យក្រុមហ៊ុនចិនមួយនេះ ត្រូវស្វែងរកការផ្គត់ផ្គង់ពីប្រភពផ្សេងជំនួសវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន លោក Ken Hu បាននិយាយនៅក្នុងសុន្ទរកថាមួយថា ៖ “បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយ:ពេលជាច្រើនឆ្នាំ យើងបានគ្រប់គ្រងព្យុះភ្លៀងនេះ” ។

លោក Hu បាននិយាយទៀតថា នៅឆ្នាំ២០២៣ នេះ ក្រុមហ៊ុនរបស់ខ្លួនរំពឹងថាអាចរកបានប្រាក់ចំណូលជាង ៧០០ពាន់លានយ៉ន់ (៩៩,២ពាន់លានដុល្លារ) ដែលជាការកើនឡើងជិត ៩% ធៀបនឹងឆ្នាំមុន។

ប៉ុន្តែប្រាក់ចំណូលនេះ នៅតែទាបជាង ៨៩១,៤ពាន់លានយ៉ន់ ដែលក្រុមហ៊ុនអាចរកបានក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំមុនពេល Huawei ប្រកាសពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលរបស់ខ្លួន ដោយសារការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក៕