យោងទៅតាមទិន្នន័យដែលចងក្រងដោយ Statistics Korea បានបង្ហាញនៅថ្ងៃទី២៥ ខែធ្នូថា ចំនួនជនបរទេសដែលចំណាកស្រុកធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើង១០% ដល់ចំនួន ៩២៣ ០០០នាក់ គិតត្រឹមខែឧសភាឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។
ផ្អែកទៅតាមសញ្ជាតិ ក្នុងនោះជនជាតិកូរ៉េ ដែលមានសញ្ជាតិដើមជាជនជាតិចិន មានចំនួនច្រើនជាងគេគឺ ៣៥,៣% បន្ទាប់មកគឺជនជាតិវៀតណាមមានចំនួន១១,៣% និងជនជាតិចិនដ៏ទៃទៀតមានចំនួន៤,៩% ។
មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យក៏បានបង្ហាញដែរថាពលករប្រទេសភាគច្រើន មានការងារធ្វើនៅក្នុងក្រុមហ៊ុនតូចៗ ខណៈតិចតួចបំផុតបានធ្វើការនៅក្នុងក្រុមហ៊ុនធំៗ។
តួយ៉ាង នៅក្នុងចំណោមពលករបរទេសទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួន៧៨,៨% ធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកតិចជាង៥០នាក់ ចំណែកពលករដែលធ្វើការនៅក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី៥០ ទៅ២៩៩នាក់ មានត្រឹម១៨,១% ខណៈពេលដែលមានត្រឹមតែ៣% នៃពលករសញ្ជាតិបរទេសប៉ុណ្ណោះ ដែលធ្វើការនៅក្នុងក្រុមហ៊ុនធំមានបុគ្គលិកលើសពី ៣០០នាក់។
និយាយជារួមទៅ មិនមានការផ្លាស់ប្តូរច្រើនទេនៅក្នុងទស្សវត្សកន្លងមកនេះ។ ភាគរយនៃជនបរទេសដែលធ្វើការនៅក្រុមហ៊ុនធំៗក្នុងប្រទេសកូរ៉េខាងត្បូង នៅតែមានកម្រិតទាប និងបន្តធ្លាក់ចុះ ខណៈដែលអ្នកធ្វើការនៅក្រុមហ៊ុនតូចៗមានចំនួនច្រើនដូច្នេះ តាំងតែពីឆ្នាំ២០១២មកម្លេះ នៅពេលដែលទីភ្នាក់ងារស្ថិតិជាតិបានចាប់ផ្តើមចងក្រងទិន្នន័យដំបូង។
រម្លឹកទៅកាលពីឆ្នាំ២០១២ សមាមាត្រនៃពលករបរទេសដែលធ្វើការនៅក្នុងក្រុមហ៊ុនដែលមាននិយោជិតជាង ៣០០នាក់មានត្រឹម៣,៤% នៃពលករសរុបចំនួន ៦៩៨ ០០០នាក់។ យ៉ាងណាមិញ ពលករបរទេសដែលធ្វើការនៅក្រុមហ៊ុនតូចៗដែលមានបុគ្គលិកត្រឹមតែជាង ៥០នាក់នោះបានឈានដល់ចំនួន៧៩,១% ស្របពេលដែលអ្នកធ្វើការនៅក្រុមហ៊ុនមានបុគ្គលិកលើសពី៥០ ទៅ២៩៩នាក់ គឺមានចំនួន១៧,៥%។
ដោយឡែក បើនិយាយពីប្រាក់ចំណូលវិញ មន្ត្រីដែលមកពីស្ថិតិកូរ៉េបាននិយាយថា៖ ភាគរយនៃពលករបរទេសដែលរកប្រាក់ចំណូលប្រចាំខែបានលើសពី ៣លានវ៉ុន (២៣១២ ដុល្លារ) កើនឡើងដល់ចំនួន៣៥,៨% នៅឆ្នាំ២០២៣នេះ ខណៈកាលពីឆ្នាំមុនមានចំនួន៣០,១%។ បន្ថែមពីនោះ ពលករបរទេសដែលមានសមត្ថភាពទទួលបានប្រាក់ចំណូលប្រចាំខែចន្លោះពី ២លានវ៉ុនទៅ ៣លានវ៉ុនមានចំនួន៥០,៦% ។ តែយ៉ាងណា បើប្រៀបធៀបនឹងប្រាក់បៀវត្សរ៍ប្រចាំខែជាមធ្យមរបស់ជនជាតិកូរ៉េនៅចន្លោះខែមករា និងខែមិថុនាឆ្នាំ២០២៣នេះវិញ គឺមានចំនួន ៣,៤លានវ៉ុន៕