ទីក្រុង New Orleans នៅក្នុងរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក បានជាប់ជាទីក្រុងមានអត្រាចំណាយខ្ពស់បំផុត សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំសកល ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ដោយឡែកគេហទំព័រ TravelMag ក៏បានស្រាវជ្រាវ និងរកឃើញថា តម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងមួយនេះ មានការកើនឡើងរហូតដល់ ១៨២%ឯណោះ បើធៀបនឹងថ្ងៃធម្មតា ពោលសម្រាប់ការកក់បន្ទប់រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៣០ ខែធ្នូ រហូតដល់ថ្ងៃទី០២ ខែមករា គឺមានតម្លៃរហូតដល់ ១១៩០ដុល្លារ ក្នុងមួយយប់ ដែលជាតម្លៃទាបបំផុតប៉ុណ្ណោះ។
ជាមួយគ្នាទីក្រុង Miami Beach និងទីក្រុងញូវយ៉ក ជាប់ចំណាត់ថ្នាក់ទី២ និងទី៣ ជាទីក្រុងមានអត្រាចំណាយខ្ពស់បំផុតលើលោក ដោយតម្លៃបន្ទប់សណ្ឋាគាររយៈពេល ៣ថ្ងៃគឺប្រមាណ ១១៨៤ដុល្លារ និង១១៦៤ដុល្លារ។
បន្ថែមពីនោះ គេហទំព័រ TravelMag ក៏បានបង្ហាញទៀតថា ទីក្រុងដែលមានអត្រាចំណាយទាប និងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំសកលបានរីករាយ គឺនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ឬនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលអាចចំណាយត្រឹម ៤០ដុល្លារក្នុងមួយថ្ងៃ សម្រាប់ថ្លៃសណ្ឋាគារ៕