អតីតនាយករដ្ឋមន្ត្រី និងជាមហាសេដ្ឋីនៃប្រទេសហ្សកហ្ស៊ី លោក Bidzina Ivanishvili បានប្រកាសវិលចូលក្នុងឆាកនយោបាយជាថ្មី បន្ទាប់ពីសម្រាកអស់រយៈពេល ២ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Ivanishvili បានមានប្រសាសន៍ថា មូលហេតុដែលលោកសម្រេចចិត្តប្រឡូកក្នុងឆាកនយោបាយវិញ គឺដោយសារមើលឃើញពីភាពចន្លោះប្រហោងរបស់ថ្នាក់ដឹកនាំ និងស្ថានភាពភូមិសាស្ត្រនយោបាយដ៏រញ៉រញ៉ៃនៅក្នុងប្រទេស។
ជាមួយគ្នា មហាសេដ្ឋីរូបនេះក៏បានបង្ហើបទៀតថា លោកមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំប្រទេស ហើយគណបក្សកំពុងកាន់អំណាច Georgian Dream ក៏កំពុងគិតគូរចាត់តាំងរូបលោក ជាប្រធានកិត្តិយសរបស់គណបក្សផងដែរ។
ជម្រាបបន្ថែមថា លោក Bidzina Ivanishvili គឺជាមហាសេដ្ឋីមានទ្រព្យសម្បត្តិប្រមាណ ៤,៩ពាន់លានដុល្លារ ហើយរូបលោកធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ីពីខែតុលា ឆ្នាំ២០១២ ដល់ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ប្រកាសចុះចេញពីតំណែងកំពូលមួយនេះ ហើយតាំងពីពេលនោះមក លោកក៏លែងមានតួនាទីជាដុំកំភួននៅលើឆាកនយោបាយរបស់ប្រទេសហ្សកហ្ស៊ីទៀតដែរ៕