កិច្ចព្រមព្រៀងលក់ភាគហ៊ុនតម្លៃប្រមាណជិត ៥០០លានដុល្លារ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande គឺក្រុមហ៊ុន China Evergrande New Energy Vehicle Group ជាមួយក្រុមហ៊ុនចុះបញ្ជីនៅអាមេរិក NWTN ត្រូវបានបរាជ័យ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា សុពលភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះ គឺបានផុតកំណត់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែភាគីទាំងសងខាងមិនព្រមបន្តការពន្យារពេលទិញលក់នេះ ដែលធ្វើឲ្យកិច្ចព្រមព្រៀងតម្លៃជិត ៥០០លានដុល្លារត្រូវបានលុបចោល។
រំលឹកបន្តិចថា កាលពីខែសីហា ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនមេ China Evergrande ដែលមានបំណុលវ័ណ្ឌក បានប្រកាសលក់ភាគហ៊ុនប្រហែល ៦,១៨ពាន់លានហ៊ុន ទៅកាន់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងឌូបៃ NWTN ក្នុងតម្លៃសរុប ៣,៨៩ពាន់លានដុល្លារហុងកុង ឬប្រហែល ៤៩៨លានដុល្លារ ប៉ុន្តែការចុះកុងត្រាជាផ្លូវការមិនដែលត្រូវបានធ្វើឡើងនោះទេ ពោលវាគ្រាន់តែជាការសន្យារវាងភាគីទាំង២ ប៉ុណ្ណោះ។
ជម្រាបបន្ថែមថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group ក៏មានការធ្លាក់ចុះប្រហែល ១៥%ផងដែរ បន្ទាប់ពីដំណឹងនៃការលុបចោលកិច្ចព្រមព្រៀងមួយនេះ ត្រូវបានផ្សាយជាសាធារណៈ៕