រដ្ឋាភិបាលនៃប្រទេសចិន និងថៃ បានឯកភាពគ្នា លើការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំង២ ជារៀងរហូត ខណៈផែនការថ្មីនេះ នឹងអនុវត្តចាប់ពីខែមីនាខាងមុខតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសំដែងការអបអរសាទរ ជាមួយនឹងកិច្ចព្រមព្រៀងដ៏ធំរវាងប្រទេសទាំង២ ដោយបានមានប្រសាសន៍ថា ផែនការថ្មីនេះ នឹងជួយជ្រោមជ្រែងទំនាក់ទំនងរវាងចិន និងថៃ ឲ្យកាន់តែរឹងមាំមួយកម្រិតថែមទៀត។
រំលឹកបន្តិចថា កាលពីឆ្នាំ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសប្រមាណ ២៨លាននាក់ ច្រើនជាងការរំពឹងទុកបន្តិច ស្របពេលប្រាក់ចំណូលពីវិស័យទេសចរណ៍ទទួលបាន ១,២ទ្រីលានបាត ឬប្រហែល ៣៥ពាន់លានដុល្លារ។
ជម្រាបបន្ថែមថា សេដ្ឋកិច្ចនៃប្រទេសថៃ គឺពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដូច្នេះហើយរដ្ឋាភិបាលព្យាយាមរកវិធីសាស្ត្រ អូសទាញភ្ញៀវអន្តរជាតិមកកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន ដោយក្នុងនោះភ្ញៀវចិនគឺជាគោលដៅធំ ដ្បិតពួកគេចាយលុយច្រើន រាល់ពេលធ្វើដំណើរកម្សាន្តម្ដងៗ៕